(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថាអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសានេះ ជាកិច្ចចាប់ផ្ដើមដំណើរទស្សនកិច្ចមួយដែលលោកមានគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុត របស់ទីក្រុងបែរឡាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក Olaf Scholz បានធ្វើដំណើរទៅដល់ទីក្រុង Chongqing នៅព្រឹកថ្ងៃអាទិត្យនេះ និងអមដំណើរដោយគណៈប្រតិភូ រដ្ឋមន្ត្រីអាល្លឺម៉ង់ និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើននាក់។ ខណៈសម្ព័ន្ធមិត្តលោកខាងលិចកំពុងបង្កើនការដាក់សម្ពាធលើចិន លោក Scholz វិញត្រូវបានគេរំពឹងថានឹង គូសបញ្ជាក់ថាសហភាពអឺរ៉ុបច្រានចោលការផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោក ហើយនៅតែមាន ការប្ដេជ្ញាចិត្តរកស៊ីជាមួយទីក្រុងប៉េកាំង។

ប៉ុន្តែ ព្រមពេលជាមួយគ្នាទំនាក់ទំនងល្អរបស់លោកជាមួយចិន អាចនឹងបង្កការមិនពេញចិត្ត និងខឹងសម្បារនៅក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុប និងជាពិសេស សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមគ្រោងទុក លោក Scholz ក៏ត្រូវបានគេរំពឹងដែរថានឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឱ្យប្រើឥទ្ធិពលរបស់លោកក្នុងការជួយដល់ការស្វែងរកសន្តិភាពបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។ អំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលជា ដំណើរទស្សនកិច្ចលើកទី២ក្នុងប្រទេសចិន ចាប់តាំងពីឡើងកាន់តំណែងជាអធិការបតីអាល្លឺម៉ង់មក លោក Scholz នឹងធ្វើដំណើរទៅកាន់ទីក្រុង Chongqing Shanghai និង Beijing៕