(ហ្ស៊េរុយសាឡិម)៖ ​យោធាអ៉ីស្រាអែល នៅថ្ងៃអាទិត្យ ទី១៤ ខែមេសានេះ បាននិយាយថាកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលបាលិស្ទីគមួយចំនួនធំដែលអ៉ីរ៉ង់ ប្រើក្នុងការវាយប្រហារលើអ៉ីស្រាអែល ខណៈមនុស្ស ៣១នាក់រងរបួសស្រាល និងកុមារីម្នាក់អាយុ៧ឆ្នាំ រងរបួសធ្ងន់ដោយសារតែបំណែកធ្លាក់ចេញពីមីស៊ីលមួយគ្រាប់ ដែលបាញ់ស្ទាក់ទម្លាក់មីស៊ីលអ៉ីរ៉ង់មួយគ្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់លើទឹកដីរបស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ហើយនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល។ ការវាយប្រហាររបស់អ៉ីរ៉ង់នេះដែរធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់ សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់។

យោធាអ៉ីស្រាអែលបានឱ្យដឹងទៀតថាមីស៊ីលអ៉ីរ៉ង់ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow មុននឹងមីស៊ីលទាំងនោះប្រុងនឹងហោះចូលដែនអាកាស អ៉ីស្រាអែល។ ចំណែក ដ្រូន និងមីស៊ីលគ្រូសរាប់សិបផ្សេងទៀតក៏ត្រូវបានបាញ់ទម្លាក់យន្ដហោះចម្បាំងអ៉ីស្រាអែលផងដែរ ខណៈមូលដ្ឋានទ័ពអាកាសមួយរងការខូច ខាតបន្តិចបន្តួចប៉ុណ្ណោះ៕