(ញូវយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីអ៉ីស្រាអែលស្នើឱ្យក្រុមប្រឹក្សាមួយនេះ ថ្កោលទោសចំពោះការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល និងចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤។

តាមមន្ត្រីការទូតម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងលិខិតមួយ ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសៅរ៍។ «ការវាយប្រហាររបស់អ៉ីរ៉ង់គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខសកល ហើយខ្ញុំរំពឹងថាក្រុមប្រឹក្សានឹងប្រើ ប្រាស់គ្រប់មធ្យោបាយដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងអ៉ីរ៉ង់»។ នេះគឺជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំ UN លោក Gilad Erdan។

យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់លើទឹកដីរបស់ខ្លួន ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់៕