(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសានេះ បានព្រមានសហរដ្ឋអាមេរិក កុំលូកដៃនៅក្នុងជម្លោះរបស់ខ្លួនជាមួយអ៉ីស្រាអែល បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់ដ្រូន និងមីស៊ីល នៅក្នុងការវាយប្រហារសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X បេសកកម្មការទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពយោធារបស់អ៉ីរ៉ង់គឺធ្វើឡើង ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់របប Zionist (អ៉ីស្រាអែល) ប្រឆាំងបេសកកម្មទូតរបស់យើងក្នុងទីក្រុងដាម៉ាស (ប្រទេសស៊ីរី)។ ប្រសិនបើអ៉ីស្រាអែលហ៊ាន បង្ករឿងជាថ្មី នោះអ៉ីរ៉ង់នឹងធ្វើការឆ្លើយតបធ្ងន់ធ្ងរជាងនេះ។ នេះគឺជាជម្លោះរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលដែលសហរដ្ឋអាមេរិកត្រូវតែស្ថិតនៅឆ្ងាយ»

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់ខ្លួន ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕