(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រូបលោករំពឹងថា អ៉ីរ៉ង់នឹងវាយប្រហារលើ​អ៉ីស្រាអែល ក្នុងពេលឆាប់ៗជាជាងនៅអូសបន្លាយពេលយូរ ហើយលោកបានព្រមានទីក្រុងតេហេរ៉ង់ កុំឱ្យធ្វើបែបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤។

នៅពេលត្រូវបានសាកសួរពីក្រុមអ្នកសារព័ត៌មាន អំពីសាររបស់លោកទៅកាន់អ៉ីរ៉ង់ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបយ៉ាងដូច្នេះថា «កុំធ្វើវាអី» ហើយលោកបានសង្កត់ធ្ងន់ អំពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការការពារអ៉ីស្រាអែល។ លោក បៃដិន បាននិយាយថា «ពួកយើងមានការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះការការពារអ៉ីស្រាអែល។ យើងនឹងគាំទ្រអ៉ីស្រាអែល។ យើងនឹងជួយការពារអ៉ីស្រាអែល ហើយអ៉ីរ៉ង់នឹងមិនអាចទទួលជោគជ័យឡើយ»។ លោក បៃដិន​ បានបន្ថែមថា លោកនឹងមិនបង្ហើបអំពីព័ត៌មានសម្ងាត់ឡើយ ប៉ុន្តែក្តីរំពឹងរបស់លោក គឺថាការវាយប្រហារអាចនឹងកើតឡើង ក្នុងពេលឆាប់ៗ ជាជាងនៅអូសបន្លាយយូរ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ អ៉ីស្រាអែលបាននិងកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហារពីអ៉ីរ៉ង់ ឬក្រុមសកម្មប្រយុទ្ធ ដែលជាសម្ព័ន្ធមិត្ត​របស់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស លើបរិវេណស្ថានទូតរបស់អ៉ីរ៉ង់នៅទីក្រុងដាម៉ាសនៃប្រទេសស៉ីរី កាលពីសប្តាហ៍មុន បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងមន្រ្តីយោធា៦នាក់ផ្សេងទៀត។ ប្រការនេះ បានបង្កឱ្យមានក្តីបារម្ភកើនឡើងខ្លាំង អំពីការរីករាលដាលនៃជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើវិបត្តិសង្រ្គាមអ៉ីស្រាអែលប្រឆាំង​ក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា៕