(ញូវដេលី)៖ ក្រសួងការបរទេសឥណ្ឌានៅថ្ងៃសុក្រនេះបាននិយាយថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានណែនាំពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែ «ស្ថានភាពដែលកំពុងកើតមាននៅក្នុងតំបន់»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសេារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រជាជនឥណ្ឌានៅក្នុងប្រទេសទាំងពីរគួរតែប្រកាន់ខ្ជាប់នូវ «ការប្រុងប្រយ័ត្នខ្ពស់បំផុតទាក់ទងនឹងសុវត្ថិភាពរបស់ខ្លួន និងដាក់កម្រិតការធ្វើដំណើរឱ្យនៅកម្រិតតិចបំផុត»

គួរបញ្ជាក់ថា មេដឹកនាំនៅប្រទេសអ៉ីរ៉ង់ បានចេញមុខប្តេជ្ញាវាយប្រហារសងសឹកតបតវិញ បន្ទាប់ពីការទម្លាក់គ្រាប់បែកលើអគារកុងស៊ុល នៅឯស្ថានទូតរបស់ខ្លួន ដែលបានបណ្តាលឱ្យសមាជិក៧នាក់ នៃកងកម្លាំងបដិវត្តន៍អ៉ីរ៉ង់ស្លាប់ ក្នុងនោះរួមមានទាំងឧត្តមសេនីយ៍២នាក់។ ប្រការនេះបាននិងកំពុងបង្កឱ្យមានក្តីព្រួយបារម្ភខ្លាំងឡើង អំពីការរីករាលដាលនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើវិបត្តិសង្រ្គាមអ៉ីស្រាអែលនៅតំបន់ហ្កាហ្សា៕