(តេអេរ៉ង់)៖ កាសែត Wall Street Journal នៅថ្ងៃសុក្រនេះ បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយ ដោយដកស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែលក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Time of Israel នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

អ៊ីស្រាអែលមានការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានការគំរាមកំហែងជាច្រើន និងការវាយតម្លៃចារកម្មថា អ៊ីរ៉ង់នឹងបើកការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល ក្នុងគោលបំណងសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ១ ខែមេសា លើអគារកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ដែលបានសម្លាប់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមជាច្រើននាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។

ទាំងទីក្រុងតេអេរ៉ង់ និងដាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារ និងបានប្តេជ្ញាសងសឹក បើទោះបីជាទីក្រុង Tel Aviv មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះក៏ដោយ។

មន្ត្រីអាមេរិកម្នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់កាសែត Wall Street Journal ថា របាយការណ៍ចារកម្មរបស់សហរដ្ឋអាមេរិកបង្ហាញថា អ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត «ទំនងជានៅលើដីអ៊ីស្រាអែល» ជាជាងលើផលប្រយោជន៍អ៊ីស្រាអែលនៅកន្លែងផ្សេងទៀត។

មន្ត្រីនោះបាននិយាយថា ការវាយប្រហារអាចកើតឡើងក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ ហើយអ៊ីស្រាអែលក៏កំពុងត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដែលអាចកើតមាន នៅភាគខាងត្បូង ឬភាគខាងជើងអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលក៏បានដកស្រង់សម្តីបុគ្គលម្នាក់ ដែលរាយការណ៍អំពីថ្នាក់ដឹកនាំអ៊ីរ៉ង់ថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងដោយទីក្រុងតេអេរ៉ង់នោះទេ។

ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់ប្រទេសចិន អារ៉ាប៊ីសាអូឌីត និងតួកគី ឱ្យបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់កុំឱ្យវាយប្រហារអ៊ីស្រាអែល៕