(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការពារជាតិ លោក Dong Jun បានប្រាប់សមភាគីវៀតណាមរបស់លោកថា ចិនមានឆន្ទៈធ្វើឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមក ជាយុទ្ធសាស្ត្ររវាងយោធាទាំងពីរ ឱ្យឡើងដល់កម្រិតថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Phan Van Giang នៅឯតំបន់ព្រំដែននៃប្រទេសទាំងពីរ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា លោក Dong បានបន្ថែមថា យោធាទាំងពីរ គួរតែធ្វើឱ្យកិច្ចសហប្រតិបត្តិការនៅសមុទ្រ ក្លាយជាចំណុចរបត់ថ្មីមួយទៀត។

គួរបញ្ជាក់ថា ចិន-វៀតណាម បានធ្វើឱ្យទំនាក់ទំនងការទូតមានប្រក្រតីភាពជាផ្លូវការ នៅឆ្នាំ ១៩៩១។ ទោះបីជាខិតខំកែលម្អ ទំនាក់ទំនងលើផ្នែកការទូត និងសេដ្ឋកិច្ចក្តី ក៏ប្រទេសទាំងពីរនៅតែមានជម្លោះលើបញ្ហានយោបាយ និងទឹកដីនៅសមុទ្រចិនខាងត្បូង៕