(តេហេរ៉ង់)៖ រុស្ស៉ី អាល្លឺម៉ង់ និងចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខជំរុញដល់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ឱ្យបង្ហាញការអត់ធ្មត់ ខណៈអ៉ីស្រាអែលថាខ្លួនកំពុងត្រៀមលក្ខណៈ ដើម្បីឆ្លើយតបរាល់តម្រូវការផ្នែកសន្តិសុខទាំងអស់របស់ខ្លួន នៅក្នុងតំបន់មួយ ដែលស្ថិតក្រោមស្ថានការណ៍កាន់តែមិនស្រួល បន្ទាប់ពីអ៉ីរ៉ង់គំរាមវាយប្រហារសងសឹក លើអ៉ីស្រាអែល បន្ថែមពីលើវិបត្តិសង្រ្គាមនៅហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានអំពាវនាវដល់សមភាគីអ៉ីរ៉ង់ លោក Hossein Amirabdollahian ឱ្យជំរុញការអត់ធ្មត់ជាអតិបរមា ដើម្បីចៀសវាងភាពតានតឹងថែមទៀត។ ចំណែក រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ លោក Amirabdollahian ថា អ៉ីរ៉ង់មិនគួរទាញតំបន់មជ្ឈិមបូព៌ា ឱ្យធ្លាក់ចូលទៅជាជម្លោះនោះទេ។

ក្រសួងការបរទេសរុស្ស៉ី បានប្រាប់ពលរដ្ឋថាមិនគួរធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ជាពិសេសអ៉ីស្រាអែល លីបង់ និងទឹកដីប៉ាឡេស្ទីន ខណៈដែលអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov ថាឥឡូវនេះ វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នាក្នុងការរក្សាភាពអត់ធ្មត់ ដើម្បីកុំឱ្យមានអស្ថិរភាពក្នុងតំបន់ទាំងស្រុង។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា អ៉ីស្រាអែលត្រូវតែទទួលទោស ជាដាច់ខាត ជុំវិញការវាយប្រហារលើអគារកុងស៊ុលរបស់ស្ថានទូតក្នុងប្រទេសស៉ីរី កាលពីថ្ងៃទី១ ខែមេសា។ ចំណែក លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយថា ក្រៅពីធ្វើសង្រ្គាមនៅហ្គាហ្សាហើយនោះ អ៉ីស្រាអែលក៏កំពុងត្រៀមលក្ខណៈផ្នែកសន្តិសុខ នៅកន្លែងផ្សេងទៀតផងដែរ៕