(សេអ៊ូល)៖ កងទ័ពជើងទឹកទីក្រុងសេអ៊ូល បានឱ្យដឹងនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធា​ជើងទឹករួមគ្នា ដែលត្រូវបានគ្រោងទុកយូរមកហើយ និងមានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ក្រោមគោលដៅពង្រឹងសមត្ថភាព​ត្រៀមលក្ខណៈ ប្រឆាំងនឹងការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងដែលចូលរួមធ្វើសមយុទ្ធ បានអនុវត្តលំហាត់សមក្បួនសឹក​ប្រឆាំងនាវាមុជទឹក ដើម្បីបង្កើនសមត្ថភាពឆ្លើយតបរបស់ពួកគេ ចំពោះការគំរាមកំហែងពីខាងក្រោមផ្ទៃទឹករបស់កូរ៉េខាងជើង រួមមានទាំង​នាវាមុជទឹកនិងមីស៉ីលបាលិស្ទីគ ដែលបាញ់ចេញពីក្រោមទឹក។

សមយុទ្ធយោធារយៈពេល២ថ្ងៃនេះ ត្រូវបានធ្វើឡើងនៅដែនទឹកអន្តរជាតិ ចន្លោះប្រទេសកូរ៉េខាងត្បូងនិងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ហើយវាមានការចូលរួមពីសំណាក់ នាវាផ្ទុកយន្តហោះចម្បាំង Theodore Roosevelt ព្រមទាំងនាវាចម្បាំងប្រភេទ destroyer របស់អាមេរិក Howard, Russell និង Daniel Inouye រួមជាមួយនាវាចម្បាំងរបស់ទីក្រុងសេអ៊ូលនិងតូក្យូ។

ការហ្វឹកហាត់នេះ ដែលមានគោលដៅពង្រឹងសមត្ថភាពរួមគ្នា ក្នុងការឆ្លើយតបចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង គឺប្រព្រឹត្តទៅស្របតាមផែនការរៀបចំ ឱ្យមានការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ដែលត្រូវបានព្រមព្រៀងគ្នា អំឡុងកិច្ចប្រជុំកំពូលត្រីភាគី រវាង​មេដឹកនាំនៃប្រទេសទាំង៣ នៅឯសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងពន្លឿនការអភិវឌ្ឍសព្វាវុធរបស់ខ្លួន ក្នុងនោះរួមមានទាំងការធ្វើតេស្តមីស៉ីល មីស៉ីលល្បឿនលឿនជាងសំឡេងដែលប្រើប្រាស់ឥន្ធនៈរឹង កាលពីសប្តាហ៍មុន ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងកាលពីថ្ងៃពុធសប្តាហ៍នេះថា ឥឡូវគឺជាពេលដែលត្រូវត្រៀមលក្ខណៈសម្រាប់សង្រ្គាម ជាងពេលណាៗទាំងអស់ ដោយសារស្ថានការណ៍ភូមិសាស្រ្តនយោបាយ ដែលពុំមានស្ថិរភាព៕