(វីយែន)៖ ប្រធានទីភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ( IAEA) បានប្រាប់ក្រុមការងារទាំង ៣៥ប្រទេសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រាល់ការវាយប្រហារដោយយន្តហោះដ្រូន ទៅលើតំបន់រុស្ស៉ីកាន់កាប់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែនត្រូវតែបញ្ឈប់ បើពុំនោះទេនឹងបង្កើតបានជាដំណាក់កាល «ថ្មី ហើយកាន់តែគ្រោះថ្នាក់» នៅក្នុងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤។

ក្នុងពិធីជួបជុំក្រុមប្រឹក្សាភិបាល លោក Rafael Grossi ប្រធាន IAEA បានបញ្ជាក់ថា «ការវាយប្រហារថ្មីៗចុងក្រោយនេះ កំពុងផ្លាស់ប្តូរទៅរកចំណុចប្រសព្វដ៏ធ្ងន់ធ្ងរនៅក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ យើងប្រជុំគ្នាថ្ងៃនេះ ហើយខ្ញុំនឹងជួបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកការធានាថា ការវាយប្រហារដែលគ្មានភាពប្រុងប្រយ័ត្នទាំងនោះ មិននាំទៅរកការចាប់ផ្តើមនៃសង្រ្គាមថ្មី និងគ្រោះថ្នាក់ធ្ងន់ធ្ងរ»

លោក Grossi ក៏បានអំពាវនាវផងដែរដល់សមាជិកក្រុមប្រឹក្សាភិបាល ឱ្យមានការឯកភាពគ្នាជាឯកច្ឆ័ន្ទដើម្បីគាំទ្រដល់តួនាទីរបស់ IAEA ក្នុងការត្រួតពិនិត្យជាគោលការណ៍ ដែលមានបំណងការពារឧប្បត្តិហេតុផ្សេងៗ រួមទាំងកុំឱ្យរោងចក្ររងការវាយប្រហារ។ ប៉ុន្តែគ្មានសេចក្តីព្រាងសេចក្តីសម្រេចណាមួយត្រូវបានដាក់ជូនអង្គប្រជុំនោះទេ ហើយវាទំនងជាធ្វើមានភាពខ្វែងគំនិតគ្នាខ្លះ ក្នុងចំណោមប្រទេសដែលមកចូលកិច្ចប្រជុំបិទទ្វារ នៅទីក្រុងវីយែន នៃប្រទេសអូទ្រីសនាពេលនេះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ និងទីក្រុងកៀវ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការកំណត់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំសម្រាប់តំបន់អឺរ៉ុបមួយនេះ ចាប់តាំងពីរុស្ស៉ីដណ្តើមកាន់កាប់នៅដើមដំបូងនៃសង្រ្គាម។ ក្រោយការវាយប្រហារកាលពីចុងសប្តាហ៍មុន ប្រទេសទាំងពីរ បានស្នើរៀបចំកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាភិបាលរបស់ IAEA ភ្លាមៗ៕