(យ៉ាងហ្គន)៖ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បាននិយាយថាកងទ័ពមីយ៉ាន់ម៉ាបានដកថយចេញពីមូលដ្ឋានរបស់ពួកគេ ក្នុងទីក្រុងពាណិជ្ជកម្មមួយស្ថិតនៅក្បែរព្រំដែនថៃ ហើយនេះជាការទទួលស្គាល់លើការអះអាងរបស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។

ការវាយប្រយុទ្ធគ្នាបានកើតឡើងនៅជុំវិញទីក្រុង Myawaddy កាលពីដើមសប្ដាហ៍នេះមក ដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសាថាទាហានរបបសឹកបានដកថយចេញពីទីតាំងឈរជើងរបស់ពួកគេ។ អ្នកនាំពាក្យកងកម្លាំង KNU លោក Padoh Saw Taw Nee ក៏បានប្រាប់ AFP ដែរថាទាហានរបបសឹកប្រហែល២០០នាក់ ក្នុងទីក្រុងមួយនេះបានដកថយ និងកំពុងជ្រកកោននៅឯស្ពានមួយកន្លែងដែលតភ្ជាប់ទីក្រុង Myawaddy ទៅកាន់ទីក្រុង Mae Sot ព្រំដែនរបស់ថៃ។

រហូតដល់លា្ងចថ្ងៃព្រហស្បតិ៍ម្សិលមិញ ទើបអ្នកនាំពាក្យរបបសឹក លោក Zaw Min Tun បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាទាហានរបបសឹកពិតជាបានដកថយចេញពី ទីតាំងឈរជើងរបស់ពួកគេមែន ដើម្បីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមលោក Zaw Min Tun របបសឹកមីយ៉ាន់ម៉ា និងអាជ្ញាធរថៃ កំពុងស្ថិតក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនឹងទាហានទាំងនោះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអ្វីបន្ថែម នោះទេ។ កាលពីខែមករាកន្លងទៅ ទាហានមីយ៉ាន់ម៉ា ២៧៦នាក់ បានរត់ចូលទឹកដីឥណ្ឌា បន្ទាប់ពីការវាយប្រយុទ្ធគ្នាជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមួយ នៅភាគខាងលិចនៃប្រទេស។ នៅពេលនោះរបបសឹកមីយ៉ាន់ម៉ា បានបញ្ជូនយន្ដហោះយោធាមួយទៅកាន់ឥណ្ឌា ដើម្បីនាំពួកគេត្រឡប់មកមីយ៉ាន់ម៉ាវិញផងដែរ៕