(ញូវយ៉ក)៖ បណ្ដាប្រទេសទាំង១៥ ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ឬកុងសង់ស៊ីសបាននោះទេ កាលពី ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា (ម៉ោងនៅទីក្រុងញូវយ៉ក) លើសំណើសុំក្លាយជាសមាជិក UN ពេញសិទ្ធិរបស់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប៉ាឡេស្ទីន ដែលទទួលបានឋានៈជារដ្ឋអង្កេតការណ៍ UN ចាប់តាំងពីឆ្នាំ២០១២មក បានព្យាយាមជាច្រើនឆ្នាំមកហើយ ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិ UN ដែលជា ការត្រួសត្រាយផ្លូវមួយឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែ​ រាល់សំណើសុំក្លាយជាសមាជិក UN ត្រូវតែឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាសន្តិសុខ ជាទីដែលអ៉ីស្រាអែល មានសំឡេងវេតូមួយដែរផ្ញើនៅនឹងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងក្រោយមកត្រូវបញ្ជូនទៅកាន់មហាសន្និបាត UN។

តាមលោកស្រី Vanessa Frazier ជាឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាល់ត៍ ដែលកំពុងកាន់តំណែងជាប្រធានប្ដូរវេនក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសានេះ អំឡុងកិច្ចប្រជុំបិទទ្វារ ក្រុមប្រឹក្សាសន្តិសុខមិនអាចឈានដល់កុងសង់ស៊ីសនោះទេ ហើយមានប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ២ភាគ៣ បានគាំទ្រសមាជិកភាពរបស់ប៉ាឡេស្ទីន។ ប៉ុន្តែ លោកស្រីមិនបានបញ្ជាក់លម្អិតថាតើមានប្រទេសណាខ្លះដែលគាំទ្រឱ្យប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិរបស់ UN នោះទេ៕