(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសចិន និងសមភាគីដទៃទៀត ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលកុំឱ្យអ៉ីរ៉ង់បើកការវាយប្រហារសងសឹកលើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា អ្នកនាំពាក្យក្រសួងការបទេសអាមេរិក លោក Matthew Miller បានឱ្យដឹងថានៅក្នុងកិច្ចពិភាក្សតាម ទូរស័ព្ទជាមួយសមភាគីចិន តួកគី អារ៉ាប៊ីសាអូឌីត និងអឺរ៉ុប លោក Blinken បានបញ្ជាក់ថាការផ្ទុះរាលដាលនៃជម្លោះមិនស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសណាមួយ ឡើយ ហើយបណ្ដាប្រទេសទាំងនោះគួរតែជំរុញឱ្យអ៉ីរ៉ង់កុំឱ្យបង្កើនភាពតានតឹង ឬជម្លោះ។ អ្នកនាំពាក្យរូបនេះបន្ថែមថាលោក Blinken ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្រយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក ចំពោះអ៉ីស្រាអែលប្រឆាំងនឹងការគំរាមកំហែង ណាមួយពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានគំរាមសងសឹកអ៉ីស្រាអែល បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសមួយលើស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះរួមមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។ អ៉ីរ៉ង់ និងស៊ីរីបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែអ៉ីស្រាអែលមិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធនោះដែរ។ លោក Yoav Gallant វិញ ក៏បានព្រមានដែរថាអ៉ីស្រាអែលនឹងឆ្លើយតបដោយផ្ទាល់ទៅនឹង ការវាយប្រហារពីសំណាក់អ៉ីរ៉ង់៕