(Mae Sot, ថៃ)៖ របបសឹកមីយ៉ាន់ម៉ា ត្រូវបានរាយការណ៍ថាបានបាត់បង់ទីក្រុង Myawaddy ដែលជាក្រុងពាណិជ្ជកម្មដ៏សំខាន់មួយស្ថិតនៅជាប់ព្រំដែនភាគខាងកើត របស់មីយ៉ាន់ម៉ា ជាមួយប្រទេសថៃ។ ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមួយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសានេះថា ទាហានមីយ៉ាន់ម៉ាប្រហែលជា ២០០នាក់ បានដកថយទៅកាន់ស្ពានមួយកន្លែងដែលតភ្ជាប់រវាងទីក្រុង Myawaddy ទៅកាន់ទីក្រុង Mae Sot របស់ថៃ។ បន្ថែមពីលើនេះ មន្ត្រីព្រំដែនថៃម្នាក់ក៏បានប្រាប់ AFP ដែរថាទីក្រុង Myawaddy បានធ្លាក់ទៅក្នុងកណ្ដាប់ដៃកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) កាលពីយប់ថ្ងៃពុធ ទី១០ ខែមេសា។

ប្រសិនបើព័ត៌មានត្រូវបានយោធាមីយ៉ាន់ម៉ាទទួលស្គាល់ពិតមែន នោះវានឹងក្លាយជាបរាជ័យចុងក្រោយបំផុតសម្រាប់របបសឹក ដែលបានបាត់បង់រួចទៅហើយនូវទឹកដីសំខាន់ៗ របស់ខ្លួន មួយចំនួនស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយចិន និងឥណ្ឌា រួមទាំងផែ្នកជាច្រើននៃរដ្ឋ Rakhine ស្ថិតនៅភាគខាងជើងនៃប្រទេស។ បរាជ័យទាំងនេះមិនត្រឹមតែ ជារឿងអាម៉ាសសម្រាប់ របបសឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កឱ្យមានការចោទសួរផងដែរថាតើមេដឹកនាំរបបសឹកមីយ៉ាន់ម៉ាសព្វថ្ងៃគឺលោក មីន អោងឡាំង អាចនឹងបន្តកាន់អំណាចបានយូរប៉ុនណា?

យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពី៣ឆ្នាំមុន ពីរដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ដែលជាហេតុបង្កឱ្យមានបាតុកម្មតវ៉ា នៅទូទាំងប្រទេស។ ជាការឆ្លើយតប យោធាមីយ៉ាន់ម៉ាបានប្រើកម្លាំងបង្ក្រាបយ៉ាងសាហាវអស្ចារ្យលើក្រុមបាតុករ ដោយបង្ខំឱ្យពួកគេកាន់អាវុធ និងចូលរួមជាមួយចលនាតស៊ូជាច្រើន ដើម្បីប្រឆាំងនឹងការដឹកនាំ របស់របបសឹក។ ចលនាតស៊ូខ្លះបានទទួលការបណ្ដុះបណ្ដាលពីក្រុមប្រដាប់អាវុធជនជាតិភាគតិចធំៗចំនួន៣ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបាននាំគ្នាបង្កើតជាសម្ព័ន្ធភាពមួយ មានឈ្មោះថា «Brotherhood Alliance» រួមមានកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា កងទ័ពរំដោះជាតិ Ta'ang និងកងទ័ព Arakan។

សម្ព័ន្ធភាពបងប្អូនជនជាតិភាគតិចទាំង៣នេះ បានចាប់ផ្ដើមវាយដណ្ដើមប៉ុស្តិ៍យោធា និងទីក្រុងជាច្រើនស្ថិតនៅតាមបណ្ដោយព្រំដែនចិន និងឥណ្ឌា ក្រោមប្រតិបត្តិការ ១០២៧ ដែលតំណាងឱ្យពេលវេលានៃការចាប់ផ្ដើមការវាយប្រហាររបស់ពួកគេលើកងកម្លាំងរបបសឹក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគជាច្រើន តួយ៉ាងមកពី ស្ថាប័ន Economist Intelligence Unit ជឿថាវាដូចជាលឿនពេកដែលគេត្រូវនិយាយថារបបសឹកយោធាមីយ៉ាន់ម៉ាកំពុងដួលរលំ។ Economist Intelligence Unit ក៏បានព្យាករដែរថា មីយ៉ាន់ម៉ានឹងស្ថិតក្នុងការបែកបាក់នយោបាយក្នុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨។ ម្យ៉ាងវិញទៀត ទោះជាកំពុងចុះទន់ខ្សោយមិនធ្លាប់មានចាប់តាំងពី មីយ៉ាន់ម៉ាទទួលបានឯករាជ្យ ក្នុងឆ្នាំ១៩៤៨ក៏ដោយ ក៏របបសឹកទំនងជានឹងមិនដួលរលំដោយងាយៗនោះដែរ ហើយពួកគេ និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចនឹងបន្តគ្រប់គ្រងទឹកដីមីយ៉ាន់ម៉ាពី៣០ ដល់៤០ភាគរយ ឬភាគច្រើននៃតំបន់ទំនាបកណ្ដាលរួមមានទីក្រុង Yangon, រដ្ឋធានី Naypyidaw និងតំបន់ដីសណ្ដរ Irrawaddy Delta។

ដូចគ្នាដែរ លោក Richard Horsey ជាអ្នកជំនាញខាងកិច្ចការមីយ៉ាន់ម៉ា មកពីអង្គការ Crisis Group បាននិយាយថាក្នុងពេលបច្ចុប្បន្ន វាមិនមែនជាការដួលរលំស្ថាប័ន ឬរបបដឹកនាំមួយ ទាំងមូល ដូចជាការដួលរំលំទីក្រុងកាប៊ុលនោះទេ។ ប៉ុន្តែអ្វីដែលនឹងកើតឡើងបន្ទាប់ មិនមែនត្រឹមជាបញ្ហាថាតើយោធានឹងបរាជ័យប៉ុនណានៅលើសមរភូមិនោះទេ តែវាក៏ជាបញ្ហានៃ ផលប៉ះពាល់ផ្លូវចិត្តដោយសារបរាជ័យជាបន្តបន្ទាប់ និងផលវិបាកនយោបាយ លើរបបសឹកមីយ៉ាន់ម៉ាផងដែរ។ តាមអ្នកជំនាញរូបនេះ វាអាចទៅរួចថានឹងមានការរង្គោះរង្គើររបបសឹក ក្នុងទម្រង់ខ្លះ ឬការរង្គោះរង្គើរភាពជាមេដឹកនាំ និងតំណែងរបស់លោក មីន អោងឡាំង។ នៅមីយ៉ាន់ម៉ាមិនមាននីតិវិធីជាក់លាក់ក្នុងការផ្លាស់ប្ដូរមេដឹកនាំយោធាឡើយ ដូច្នេះមេដឹកនាំថ្មី ណាមួយ អាចនឹងកាន់តែសាហាវជាងលោក មីន អោងឡាំងទៀតក៏ថាបាន។

ជាការពិតណាស់ របបសឹកមីយ៉ាន់ម៉ាបានបាត់បង់កងទ័ពស្លាប់ និងរបួសជាច្រើន គួបផ្សំនឹងការបាក់ទឹកចិត្តក្នុងចំណោមជួរកងទ័ព ប្រឈមមុខនឹងជ័យជម្នះជាបន្តបន្ទាប់នៃប្រតិបត្តិការ ១០២៧។ ក៏ប៉ុន្តែ របបសឹកអាចនឹងមានសមត្ថភាពប្រមូលផ្ដុំកម្លាំងទ័ពឡើងវិញ និងធ្វើអ្វីៗគ្រប់យ៉ាងក្នុងការការពារតំបន់ ឬទីតាំងយុទ្ធសាស្ត្រសំខាន់ៗដើម្បីអាចបន្តអាយុជីវិតរបបសឹក ជាមួយនឹងការទាញផលចំណេញពីពន្ធលើប្រាក់ចំណូលពីសកម្មភាពពាណិជ្ជកម្មនៅតាមទីក្រុងធំៗ ជាពិសេសគឺចំណូលបានមកពីការនាំចេញ hydrocarbon។ តាម Economist Intelligence Unit ទឹកដីមីយ៉ាន់ម៉ាអាចនឹងត្រូវស្ថិតក្រោមការដឹកនាំដោយក្រុមចលតស៊ូផ្សេងៗគ្នា។ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ឬ The National Unity Government (NUG) ដែលត្រូវបានបង្កើតឡើងដោយក្រុមមន្ត្រីនៅក្រោមអតីតរដ្ឋាភិបាលលោកស្រី ស៊ូជី ត្រូវបានគេសន្មត់ថាជាមេដឹកនាំចលនាតស៊ូ។ ប៉ុន្តែ ការពិត NUG មិនទាន់អាចគ្រប់គ្រងលើ កងកម្លាំងចលនាតស៊ូដទៃទៀតបាននោះទេ ហើយក៏មិនមានសមត្ថភាពផ្ដល់ការផ្គត់ផ្គង់យោធានោះដែរ ដែលនេះអាចនឹងធ្វើឱ្យចលនាតស៊ូមិនសូវមានសាមគ្គីភាពឡើយ។

តាម Economist Intelligence Unit ចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រុមចលនាតស៊ូប្រឆាំងនឹងរបបសឹកមួយចំនួនអាចនឹងបង្កើតរចនាសម្ព័ន្ធដូចជាអភិបាលកិច្ច និងការប្រមូលពន្ធ នៅតាមតំបន់ដែលពួកគេគ្រប់គ្រង ហើយរដ្ឋាភិបាលស្រមោលនឹងមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើចលនាតស៊ូទាំងនោះ។ ក្នុងន័យនេះបើមិនអាចដោះស្រាយបានល្អទេ វាអាចនឹង នាំទៅ រកការបែកបាក់ទៅជាក្រុមតូចៗ ដែលងាយនឹងធ្វើឱ្យពួកគេយកកាំភ្លើងភ្ជង់ដាក់គ្នាទៅវិញទៅមក។

របបសឹកមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចចាប់តាំងពីឆ្នាំ២០២១មក បានចាត់ទុករដ្ឋប្រហារ និងជម្លោះដែលកើតឡើងក្រោយរដ្ឋ គឺមានសារៈសំខាន់បំផុតចំពោះអាយុជីវិត នៃរបបរបស់ខ្លួន ហើយក្នុងសេណារីយ៉ូខ្លះ របបសឹកនឹងបង្ហាញពីចេតនាចង់ផ្សះផ្សារជម្លោះជាមួយចលនាតស៊ូប្រដាប់អាវុធណាមួយ ដើម្បីមានឱកាសបំបែកបំបាក់៕