(មូស្គូ)៖ ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ទីបញ្ជាការយោធារបស់អ៊ុយក្រែននៅភាគខាងត្បូងប្រទេស បាននិយាយតាម Telegram ថា «ខ្មាំងបន្តការវាយប្រហារដោយគ្រាប់ផ្លោងនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន។ វាបានវាយប្រហារក្រុង Mykolaiv ទាំងកណ្តាលថ្ងៃ»។

របាយការណ៍បានបន្ថែមថា ផ្ទះសម្បែងរបស់ឯកជន រថយន្ត និងកន្លែងឧស្សាហកម្ម ក៏ត្រូវបានរងការខូចខាតផងដែរ។

គួរជម្រាបថា ក្រុង Mykolaiv ក៏ត្រូវបានគេកំណត់គោលដៅផងដែរ ក្នុងអំឡុងពេលការវាយលុកទូទាំងប្រទេសដ៏សាហាវរបស់រុស្ស៊ី ដែលបំផ្លាញរោងចក្រថាមពល និងបង្អាក់ការផ្គត់ផ្គង់អគ្គិសនីដល់មនុស្សរាប់ពាន់នាក់។

នៅថ្ងៃជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងកៀវក៏បានរាយការណ៍ អំពីការវាយប្រហារទ្រង់ទ្រាយធំ មកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនផងដែរ។ ប៉ុន្តែបាននិយាយថា គិតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សបាត់បង់ជីវិតនៅឡើយទេ។ ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបង្ហោះសារលើប្រព័ន្ធ X ថា កាលពីយប់កន្លងទៅនេះ រុស្ស៉ីបានបាញ់មីស៉ីលសរុបជាង៤០គ្រាប់ និងយន្តហោះដ្រូនជាង៤០គ្រឿង មកលើអ៊ុយក្រែន ខណៈមីស៉ីលនិងដ្រូនទាំងនោះ មួយចំនួនត្រូវបានបាញ់ទម្លាក់។

អំឡុងពេលប៉ុន្មានខែមកនេះ រុស្ស៉ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាស ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ស្របពេលដែលលោក ហ្សេលេនស្គី បានអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច កុំឱបដៃឈរមើល ហើយជួយផ្តល់ប្រព័ន្ធការពារអាកាសបន្ថែម។ ដោយឡែក ទន្ទឹមគ្នានេះ រុស្ស៉ីក៏បានអះអាងថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះដ្រូនអ៊ុយក្រែន ១២គ្រឿងផងដែរ កាលពីវេលាយប់កន្លងទៅ ខណៈអ៊ុយក្រែនបានប្រើប្រាស់ដ្រូន វាយប្រហារតបតលើរុស្ស៉ី ប៉ុន្មានខែមកហើយ៕