(មូស្គូ)៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះបានជំរុញឱ្យបណ្តាប្រទេសនៅមជ្ឈិមបូព៌ា អនុវត្តការអត់ធ្មត់ និងបានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់តំបន់ដែលមានភាពតានតឹង ចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើអ៊ីស្រាអែល ខណៈដែលក្រុមហ៊ុនអាល្លឺម៉ង់ Lufthansa បានពង្រីកការផ្អាកជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃទី១ ខែមេសា លើបរិវេណស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាសនៃប្រទេស៊ីរី ដែលបានសម្លាប់ឧត្តមសេនីយកំពូលអ៊ីរ៉ង់ម្នាក់ និងមន្ត្រីយោធាអ៊ីរ៉ង់ ៦ នាក់ផ្សេងទៀត ដែលបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ដែលរង្គោះរង្គើស្រាប់ដោយសង្រ្គាមហ្គាហ្សា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «នៅពេលនេះ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ក្នុងការរក្សាការអត់ធ្មត់ ដើម្បីកុំឱ្យស្ថានការណ៍ក្នុងតំបន់ ប្រែទៅជាអស្ថិរភាពទាំងស្រុង ដែលពិបាកនឹងព្យាករណ៍បាន»

លោកបានសង្កត់ធ្ងន់ថា «យើងអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ អនុវត្តការអត់ធ្មត់»

គួរជម្រាបថា ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើម ជម្លោះបានរីករាលដាលពាសពេញមជ្ឈិមបូព៌ា ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានប្រកាសគាំទ្រដល់ប៉ាឡេស្ទីនបើកការវាយប្រហារពីប្រទេសលីបង់ យេម៉ែន និងអ៊ីរ៉ាក់។ ទីក្រុងតេអេរ៉ង់បានជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក ខណៈពេលដែលប្រកាសការគាំទ្រសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន។

អ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ កាលពីថ្ងៃទី១ ខែមេសាទេ ប៉ុន្តែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវតែទទួលទណ្ឌកម្ម ដោយបន្ថែមថា វាជាការវាយប្រហារលើដីអ៊ីរ៉ង់៕