(ហាណូយ)៖ មហាសេដ្ឋីនីកំពូលម្នាក់ក្នុងវិស័យអចលនទ្រព្យ នៅឯប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត ក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្តវៀតណាម ជាមួយទំហំទឹកប្រាក់ចំនួន២៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា គណៈវិនិច្ឆ័យនៅទីក្រុងហូជីមីញ បានច្រានចោលការលើកហេតុផលការពារខ្លួនទាំងអស់ របស់លោកស្រី Truong My Lan ដែលមានឋានៈជាអគ្គនាយិកា នៃក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យដ៏ធំមួយ ក្នុងប្រទេសវៀតណាម Van Thinh Phat ដោយរកឃើញថា មហាសេដ្ឋីនីរូបនេះ ពិតជាមានទោសកំហុស ពីបទបោកប្រាស់លុយពីធនាគារពាណិជ្ជ Saigon Commercial Bank អស់រយៈពេលប្រមាណជា១ទសវត្សរ៍។ គណៈវិនិច្ឆ័យបានលើកឡើងដូច្នេះថា «ទង្វើរបស់លោកស្រី បានធ្វើឱ្យធ្លាក់ចុះការជឿទុកចិត្ត​របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់គណបក្សកុម្មុយនិស្ត ក៏ដូចជារដ្ឋវៀតណាម»

លោកស្រី Lan បានរងការចោទប្រកាន់ពីបទគៃបន្លំយកប្រាក់ចំនួន១២.៥ពាន់លានដុល្លារ ប៉ុន្តែក្រុមរដ្ឋអាជ្ញាវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ការខូតខាតសរុប ដែលបង្កឡើងដោយអំពើឆបោករបស់លោកស្រី នាពេលនេះ មានទំហំ២៧ពាន់លានដុល្លារ ដែលស្មើនឹង​៦ភាគរយ នៃអត្រា GDP របស់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣។ លោកស្រី Lan បានច្រានចោលការចោទប្រកាន់ទាំងអស់ និង​បានទម្លាក់កំហុសទៅលើកូនចៅរបស់ខ្លួន។

គួរបញ្ជាក់ថា បុគ្គលសរុបច្រើនជាង៤,៤០០នាក់ ត្រូវបានផ្តន្ទាទោស អំឡុងយុទ្ធនាការបោសសំអាតអំពើពុករលួយ នៅប្រទេសវៀតណាម ក្នុងករណីអំពើពុករលួយជាង ១,៧០០សំណុំរឿង គិតចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងពេលនេះ។ កាលពីខែមីនាកន្លងទៅ កំពូលមហាសេដ្ឋីផ្នែក​ចលនទ្រព្យប្រណិតម្នាក់ គឺលោក Do Anh Dung ដែលជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Tan Hoang ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោយរកឃើញថា រូបលោកបានប្រព្រឹត្តអំពើឆបោកលើវិនិយោគិន ក្នុងទឹកប្រាក់ចំនួន​៣៥៥លានដុល្លារ៕