(មូស្គូ)៖ ទីក្រុង Orenburg របស់រុស្ស៉ី កំពុងទប់ទល់នឹងការជន់លិចថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទឹកទន្លេធំៗ នៅទូទាំងប្រទេសរុស្ស៉ី និងប្រទេសកាហ្សាក់ស្ថាន បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានជិត ១០០ឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០២៤។

ទឹកជំនន់ដោយសារតែការរលាយព្រិល បង្ខំឱ្យមនុស្សជាង ១១០,០០០នាក់នៅតំបន់ភ្នំ Ural តំបន់ស៉ីបេរី និងប៉ែកក្នុងទឹកដីកាហ្សាក់ស្ថាន ត្រូវចាកចេញពីផ្ទះសម្បែង ខណៈដែលទន្លេសំខាន់ៗ ដែលហូរកាត់កាហ្សាក់ស្ថានចូលសមុទ្រ Caspian មានទឹកច្រើនលើសលប់។ អ្នកស្រុកក្នុងទីក្រុង Orenburg និយាយថា ទឹកទន្លេ Ural rose បានហក់ឡើងយ៉ាងរហ័ស ហើយហួសពីចំណុចប្រុងប្រយ័ត្ន ដែលបង្ខំឱ្យពួកគេភៀសខ្លួនចេញដោយយកតែកូនៗ សត្វចិញ្ចឹម និងរបស់របរមួយចំនួនប៉ុណ្ណោះ។ ផ្ទៃទាំងមូលនៃទីក្រុងពោរពេញដោយទឹកជំនន់ ហើយទន្លេ Ural rose បានឡើងលើសពីកម្រិតសុវត្ថិភាព ដោយក្រុមមន្រ្តីព្រមានថា ទឹកទន្លេនឹងហក់ឡើងថែមទៀត។

ដោយឡែក ភាគខាងជើងនៃប្រទេសកាហ្សាក់ស្ថាន ក៏បាននិងកំពុងរងគ្រោះដោយទឹកជំនន់ខ្លាំងក្លាផងដែរ ហើយក៏មាននៅផ្នែកខ្លះ នៃភាគខាត្បូងតំបន់ Western Siberia ដែលស្ថិតនៅជិតទន្លេដ៏ធំបំផុតរបស់អឺរ៉ុប Volga។ ក្រសួងសង្រ្គោះបន្ទាន់កាហ្សាក់ស្ថាន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) អ្នកភៀសខ្លួនចេញពីទឹកជំនន់មានជាង ៩៧,០០០នាក់ ហើយមានតំបន់ចំនួន ៨ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

គួរបញ្ជាក់ថា ទឹកជំនន់និទាឃរដូវ គឺជារឿងធម្មតានៅរុស្ស៉ី ដែលមានផ្ទៃក្រឡាស្មើនឹងសហរដ្ឋអាមេរិកបូកជាមួយអូស្រា្តលី។ ក្រុមអ្នកស្រាវជ្រាវផ្នែកអាកាសធាតុ បានព្រមានជាយូរមកហើយថា ការកើនឡើងសីតុណ្ហភាព អាចបង្កើនឧប្បត្តិហេតុនៃគ្រោះធម្មជាតិ ហើយថាព្រៃឈើរុស្ស៉ីមានសារសំខាន់ណាស់ សម្រាប់ការដោះស្រាយបញ្ហាអាកាសធាតុពិភពលោក៕