(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយហុងកុង South China Morning Post បានរាយការណ៍នាថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំនេះ ដែលជាសញ្ញាវិជ្ជមានថ្មីមួយទៀត នៃការផ្សះផ្សាទំនាក់ទំនង​រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

អូស្រ្តាលីហើយនិងចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទីក្រុងកង់បេរ៉ា កំពុងតែព្យាយាមកសាងទំនាក់ទំនងឱ្យប្រសើរឡើងវិញ បន្ទាប់ពីវាបានជួបភាពរកាំរកូសយ៉ាងខ្លាំង ជាពិសេសចាប់តាំងពីឆ្នាំ២០២០ ក្រោយអូស្រ្តាលីបានអំពាវនាវ ឱ្យមានការស៉ើបអង្កេតឯករាជ្យ ជុំវិញប្រភពដើម ​នៃជំងឺឆ្លងរាតត្បាតជាសកលកូវីដ១៩។ ចាប់តាំងអូស្រ្តាលី បានផ្លាស់ប្តូររដ្ឋាភិបាលថ្មី កាលពី២ឆ្នាំមុនមក ទំនាក់ទំនងជាមួយចិន បានចាប់ផ្តើមចុះថយភាពតានតឹង ហើយទីក្រុងប៉េកាំងបានយល់ព្រម ដកបម្រាមនិងការយកពន្ធ លើទំនិញអូស្រ្តាលី ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្រោយការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានបង្ហើបកាលពីខែមីនា កន្លងទៅថា លោកស្រីរំពឹងថា នឹងមានដំណើរទស្សនកិច្ចរបស់លោក Li មកកាន់អូស្រ្តាលី ក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែមិនបាននិយាយអំពី កាលបរិច្ឆេទជាក់លាក់ឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំមុន នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានក្លាយជាមេដឹកនាំដំបូងគេរបស់ប្រទេសនេះ ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៦មក៕