(ម៉ានីល)៖ ពីឡុតកងទ័ពជើងទឹកហ្វីលីពីន ២នាក់ បានស្លាប់នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសានេះ នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ អំឡុងការហឹ្វកហាត់ហោះហើរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពជើងទឹកហ្វីលីពីន បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាឧទ្ធម្ភាគចក្រ Robinson R22 មួយគ្រឿង ដែលមានមន្ត្រី ២នាក់ជិះនៅលើនោះ ត្រូវ បង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ នៅក្បែរផ្សារមួយស្ថិតនៅភាគខាងត្បូង ទីក្រុងម៉ានីល។ ពីឡុតទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែពួកគេបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុឧទ្ធម្ភាគចក្រនេះនោះទេ ខណៈការស៊ើបអង្កេតមួយកំពុង ធ្វើឡើង។

គួរបញ្ជាក់ថា ហ្វីលីពីន ធ្លាប់ជួបប្រទះគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ និងយន្ដហោះយោធាជាច្រើនលើកមកហើយ។ តួយ៉ាង កាលពីខែមករា ឆ្នាំ២០២៣ ពីឡុតយោធាហ្វីលីពីន ២នាក់បានស្លាប់ ក្នុងហេតុការណ៍យន្ដហោះចម្បាំងរបស់ពួកគេធ្លាក់អំឡុង ការហ្វឹកហាត់ហោះហើរ។ ចំណែក កាលពីឆ្នាំ២០២១ យន្ដហោះយោធាដឹកកងទ័ពមួយគ្រឿងបានធ្លាក់ ដោយសម្លាប់មនុស្ស ៥៣នាក់ ហើយនេះគឺជាសោកនាដកម្មធ្លាក់យន្ដហោះយោធាដ៏អាក្រក់បំផុត ក្នុងរយៈពេលជិត ៣ទសវត្សរ៍៕