(គែរ)៖ កូនប្រុស ៣នាក់របស់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល នៅក្នុងតំបន់ ហ្កាហ្សា កាលពីថ្ងៃពុធ ទី១០ ខែមេសា។ នេះបើតាមការបញ្ជាក់ពីក្រុមហាម៉ាស និងគ្រួសាររបស់លោក Haniyeh ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែល បានទទួលស្គាល់ថាខ្លួនពិតជាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមែន និងបានចាត់ទុកថាកូនប្រុសទាំង៣របស់លោក Haniyeh គឺជាទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ក្នុងកងកម្លាំងប្រដាប់អាវុធហាម៉ាស។ តាមក្រុមហាម៉ាស កូនប្រុសទាំង៣នាក់របស់លោក Haniyeh រួមមានឈ្មោះ Hazem Amir និង Mohammad ត្រូវបានសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេជិះរងការទម្លាក់គ្រាប់បែកនៅក្នុងជំរំ Al-Shati នៃភាគខាងជើងតំបន់ហ្កាហ្សា។ បន្ថែមពីលើនេះ ចៅៗ របស់លោក Haniyeh ៤នាក់ ក្នុងនោះមានស្រី ៣នាក់ និងប្រុសម្នាក់ ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលផងដែរ។

ប៉ុន្តែ នៅពេលត្រូវបានសាកសួរថាតើចៅទាំង ៤នាក់របស់លោក Haniyeh ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដែរឬក៏យ៉ាងណា យោធាអ៉ីស្រាអែល បាននិយាយថាពួកគេមិនទាន់មានព័ត៌មានលម្អិតទេ។ ការវាយប្រហារនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហាម៉ាសកាលពីថ្ងៃអង្គារបានអះអាងថា ពួកគេកំពុងសិក្សាពីសំណើបទឈប់បាញ់របស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក Haniyeh ដែលកំពុងរស់នៅក្នុងប្រទេសកាតា គឺជាមេដឹកនាំម្នាក់របស់ក្រុមហាម៉ាស ដែលដឹកនាំខាងទំនាក់ទំនងការទូតអន្តរជាតិ ហើយកាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះរបស់លោកក្នុងតំបន់ហ្កាហ្សាក៏ត្រូវបានបំផ្លាញក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលផងដែរ៕