(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានជួបជាមួយអតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeon នៅទីក្រុងប៉េកាំង អំឡុងដំណើរបំពេញទស្សនកិ ច្ចរបស់លោក Ma នៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ដូច្នេះថា «នារសៀលថ្ងៃទី១០ ខែមេសានេះ អគ្គលេខាធិការបក្សកុម្មយនិស្តចិន លោក ស៉ី ជីនពីង បានជួបជាមួយគណប្រតិភូ ដែលដឹកនាំដោយ លោក Ma Ying-jeou នៅទីក្រុងប៉េកាំង»។ កិច្ចពិភាក្សានេះ គឺជាជំនួបដ៏កម្រមួយ​រវាងមេដឹកនាំបច្ចុប្បន្នឬអតីតមេដឹកនាំ នៅទីក្រុងប៉េកាំងនិងទីក្រុងតៃប៉ិ ហើយជាលើកទីមួយ គិតចាប់តាំងពីកិច្ចប្រជុំកំពូលរវាងលោក ស៉ី និងលោក Ma កាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ដែលកាលនោះ លោក Ma កាន់តំណែងជា មេដឹកនាំតៃវ៉ាន់ នៅឡើយ។

អតីតមេដឹកនាំតៃវ៉ាន់រូបនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា ក្នុងអ្វីដែលលោកហៅថា បេសកកម្មសន្តិភាព ដើម្បីព្យាយាមជួយ បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង។ កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ លោក Ma ធ្លាប់ធ្វើជាមេដឹកនាំតៃវ៉ាន់ កាលពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ និងតំណាងឱ្យគណបក្ស Kuomintang (KMT) ដែលមាននិន្នាការចង់ធ្វើឱ្យទំនាក់ទំនង មានភាពប្រសើរឡើងជាមួយចិន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់លោក ជាមួយលោក ស៉ី ជីនពីង កាលពីឆ្នាំ២០១៥ បានជួយឱ្យទំនាក់ទំនងនៅត្រើយទាំងសងខាង ​នៃច្រកសមុទ្រតៃវ៉ាន់ ទទួលបានភាពប្រសើរឡើង ប៉ុន្តែវាបានធ្លាក់ចុះទៅវិញ ចាប់តាំងពីការជាប់ឆ្នោតរបស់លោកស្រី Tsai Ing-wen មកពីគណបក្សកាន់អំណាចបច្ចុប្បន្នគឺ DPP។ ការជាប់ឆ្នោតជាមេដឹកនាំថ្មី កាលពីខែមករា ដើមឆ្នាំនេះ របស់លោក Lai Ching-te ដែលបច្ចុប្បន្នមានតួនាទីជាមេដឹកនាំរងតៃវ៉ាន់ ទំនងជានឹងមិនធ្វើឱ្យទំនាក់ទំនងជាមួយចិន ល្អប្រសើរជាងមុននោះឡើយ ដ្បិតរូបលោក​ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់៕