(តេហេរ៉ង់)៖ លោក Ayatollah Ali Khamenei ប្រធានាធិបតីអ៉ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា អ៉ីស្រាអែលត្រូវតែទទួលទោសជាដាច់ខាត សម្រាប់ការវាយប្រហារលើបរិវេណស្ថានទូតអ៉ីរ៉ង់ ប្រចាំនៅស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤។

ក្នុងសុន្ទរកថានៅពិធីបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាឌន លោក Khamenei បញ្ជាក់ថា «នៅពេលពួកគេវាយប្រហារលើអគារកុងស៊ុល ស្មើនឹងពួកគេវាយប្រហារលើទឹកដីអ៉ីរ៉ង់ដូច្នោះដែរ។ អ៉ីស្រាអែលបានធ្វើខុស ហើយត្រូវតែទទួលទោសដាច់ខាត»។ ជាការឆ្លើយតបទៅ នឹងសុន្ទរកថារបស់ លោក Khamenei រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បាននិយាយថា អ៉ីស្រាអែលក៏នឹងឆ្លើយតបទៅវិញដែរ ប្រសិនបើអ៉ីរ៉ង់វាយប្រហារមកលើទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា ការប្រឈមុខដាក់គ្នាដ៏ធំរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ កើតឡើងដោយសារតែយន្តហោះចម្បាំងអ៉ីស្រាអែល សង្ស័យថា បានទម្លាក់គ្រាប់បែកលើអគារកុងស៊ុលអ៉ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាសរបស់ស៉ីរី កាលពីថ្ងៃទី១ ខែមេសា ដោយអ៉ីរ៉ង់ និយាយថា សម្លាប់ទីប្រឹក្សាយោធា ៧នាក់របស់ខ្លួន៕