(តៃប៉ិ)៖ មេដឹកនាំជាប់ឆ្នោតនៅកោះតៃវ៉ាន់ លោក Lai Ching-te នាថ្ងៃពុធនេះ បានសម្រេចតែងតាំង លោក Cho Jung-tai ដែលជា​អតីតអគ្គលេខាធិការគណបក្សកាន់អំណាច DPP ឱ្យធ្វើជានាយករដ្ឋមន្រ្តីរបស់លោក ខណៈការតែងតាំងតួនាទីដទៃទៀត ដូចជាតំណែង​រដ្ឋមន្រ្តីការបរទេសជាដើម នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

នៅក្រោមប្រព័ន្ធរដ្ឋាភិបាលរបស់តៃវ៉ាន់ មេដឹកនាំគឺជាអ្នកតែងតាំងនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកនាយករដ្ឋមន្រ្តី គឺជាអ្នកតែងតាំងសមាជិក​នៃគណៈរដ្ឋមន្រ្តី ដែលតម្រូវឱ្យមានការសម្រេចចុងក្រោយពីមេដឹកនាំ។ នាយករដ្ឋមន្រ្តីថ្មី រួមជាមួយគណៈរដ្ឋមន្រ្តីរបស់លោក នឹងមិនទាន់ចូល​កាន់តួនាទីរបស់ខ្លួនឡើយ រហូតទាល់តែលោក Lai ស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា។ លោក Cho បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា រូបលោកនឹងប្រកាសពីសមាសភាពនៃសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ក្នុងពេលឆាប់ៗ។

បើតាមប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់ផ្ទាល់ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Wellington Koo ទំនងនឹងត្រូវឡើងជា រដ្ឋមន្រ្តីការពារជាតិថ្មី បន្តពីលោក Chiu Kuo-cheng ខណៈរដ្ឋមន្រ្តីការបរទេសបច្ចុប្បន្ន គឺលោក Joseph Wu ទំនងជានឹងប្តូរតួនាទី​ទៅកាន់តំណែងជំនួសលោក Koo ជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិវិញ។

គួរបញ្ជាក់ថា លោក Lai ដែលសព្វថ្ងៃកាន់តួនាទីជាមេដឹកនាំរងតៃវ៉ាន់ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី កាលពីខែមករា ដើមឆ្នាំនេះ ប៉ុន្តែគណបក្ស DPP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។ គណបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ Kuomintang (KMT) ឈ្នះបានអាសនៈច្រើនជាងគេ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតសំឡេងភាគច្រើន ដោយខ្លួនឯងនៅក្នុងសភា។ អាសនៈដទៃទៀត ត្រូវបានឈ្នះដោយគណបក្ស Taiwan People's Party (TPP) ដែលដឹកនាំដោយអភិបាលក្រុងតៃប៉ិ លោក Ko Wen-je៕