(ម៉ានីល)៖ ប្រធានាធិបតី លោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃពុធនេះថា កិច្ចប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក ហ្វីលីពីន ជប៉ុន នឹងរួមបញ្ចូលនូវកិច្ចព្រមព្រៀងដើម្បីរក្សាសន្តិសុខដែនស​មុទ្រ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍ នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤។

លោក Marcos នឹងចេញដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន នារសៀលនេះ (ម៉ោងក្នុងតំបន់) សម្រាប់កិច្ចប្រជុំត្រីភាគីជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្រ្តីជប៉ុន លោក​ Fumio Kishida។ លោក Marcos បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា «កិច្ចប្រជុំកំពូលនោះ នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ក្នុងន័យដែលកិច្ចសហប្រតិបត្តិមួយ ត្រូវបានអនុវត្ត»។ លោក Marcos ក៏ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក បៃដិន ផងដែរ។

គួរបញ្ជាក់ថា នៅក្រោមអាណត្តិដឹកនាំរបស់ លោក Marcos ហ្វីលីពីនបាននិងកំពុងធ្វើឱ្យទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក ជប៉ុនកាន់តែស៉ីជម្រៅ ខណៈចេញមុខបង្ហាញការមិនពេញចិត្តកាន់តែខ្លាំងចំពោះចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង៕