(ហ្គាហ្សា)៖ មេបញ្ជាការកងទ័ពជើងទឹក នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅថ្ងៃអង្គារនេះថា វត្តមានរបស់អ៊ីស្រាអែលនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) តំណាងឱ្យការគំរាមកំហែងដល់ទីក្រុងតេអេរ៉ង់ ហើយរឿងនេះ «មិនគួរកើតឡើងទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

អ៊ីរ៉ង់បានគំរាមសងសឹក ចំពោះការវាយប្រហារតាមអាកាសទៅលើស្ថានកុងស៊ុលរបស់ខ្លួនក្នុងរដ្ឋធានីស៊ីរីកាលពីសប្តាហ៍មុន ដែលបានសម្លាប់មន្ត្រីឆ្មាំបដិវត្តន៍ចំនួនប្រាំពីរនាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីរនាក់ផងដែរ។ ការនេះបានបង្កភាពតានតឹងកាន់តែខ្លាំងឡើង រវាងខ្មាំងសត្រូវទាំងពីរនៅមជ្ឈិមបូព៌ា ក្នុងបរិបទសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្គាហ្សា។

UAE ដែលមានទីតាំងនៅម្ខាងទៀតនៃឈូងសមុទ្រពីប្រទេសអ៊ីរ៉ង់បានក្លាយជាប្រទេសអារ៉ាប់លេចធ្លោបំផុត ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលក្នុងរយៈពេល ៣០ឆ្នាំក្រោមកិច្ចព្រមព្រៀង ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ទោះបីជាទីក្រុង Abu Dhabi ក៏មានទំនាក់ទំនងការទូត និងពាណិជ្ជកម្មធម្មតាជាមួយទីក្រុង Tehran ក៏ដោយ។

លោក Ali Reza Tangsiri មេបញ្ជាការកងទ័ពជើងទឹក នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា «យើងដឹងថា Zionists (អ៊ីស្រាអែល) មក UAE មិនមែនសម្រាប់គោលបំណងសេដ្ឋកិច្ចទេ ប៉ុន្តែសម្រាប់ការងារសន្តិសុខ និងយោធា។ នេះជាការគំរាមកំហែងដល់យើង ហើយមិនគួរកើតឡើងទេ»។

លោក Tangsiri បានបន្ថែមថា ជនជាតិអ៊ីស្រាអែលគួរតែជៀសឲ្យឆ្ងាយពីឈូងសមុទ្រ និងឈូងសមុទ្រអូម៉ង់ ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងពិភពលោក តាមរយៈច្រកសមុទ្រ Hormuz ។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា តើអ៊ីរ៉ង់មានគម្រោងចាត់វិធានការបែបណា ដើម្បីប្រឆាំងនឹងវត្តមានរបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះទេ៕