(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Stephane Sejourne បាននិយាយនៅថ្ងៃអង្គារនេះថា ការដាក់សម្ពាធ អាចជាទណ្ឌកម្មដែលត្រូវដាក់ចេញលើអ៉ីស្រាអែល ដើម្បីបើកច្រកឆ្លងកាត់នាំយកជំនួយទៅកាន់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ ២០២៤។

លោក Stephane Sejourne បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា «ត្រូវតែមានការដាក់កំហិត ហើយមានវិធីជាច្រើន ឈានទៅដល់ការដាក់ទណ្ឌកម្ម ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់ចំណុចត្រួតពិនិត្យ»។ លោក Stephane Sejourne បន្ថែមថា «បារាំងជាប្រទេសដំបូងគេ ដែលលើកជាសំណើទៅកាន់សហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៉ីស្រាអែល ដែលកំពុងប្រព្រឹត្តអំពើហិង្សានៅឯតំបន់ West Bank។ យើងនឹងបន្តវិធានការនេះ ប្រសិនបើត្រូវការដើម្បីបើកច្រកជំនួយមនុស្សធម៌»។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ប្រជាជនប៉ាឡេស្ទីនចំនួន ៣៣,២០៧នាក់ បានស្លាប់ ខណៈដែលប្រជាជន ២.៣លាននាក់បាត់បង់ផ្ទះសម្បែង ចំណែកខ្លះទៀតប្រឈមនឹងគ្រោះទុរ្ភិក្ស៕