(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ដែលនឹងមើលឃើញ មាន​ការទិញប្រព័ន្ធមីស៉ីលចម្ងាយឆ្ងាយ ឧទ្ធម្ភាគចក្រយោធាថ្មីៗ ព្រមទាំងវត្តមានធំជាងមុននៅតំបន់អាក់ទិច ប៉ុន្តែមិនទាន់ដល់កម្រិតការចំណាយ ដែលត្រូវបានកំណត់ដោយអង្គការ NATO នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសំណើកញ្ចប់ថវិការបស់រដ្ឋាភិបាលកាណាដានាសប្តាហ៍ក្រោយ នឹងមានការបែងចែកថវិកាចំនួន៨.១ពាន់លានដុល្លារកាណដា ស្មើនឹង​៦ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ក្នុងការផ្តល់មូលនិធិថ្មី ដែលជាផ្នែកនៃកញ្ចប់ថវិកាសរុប ៧៣ពាន់លានដុល្លារកាណាដា ឬ៥៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ សម្រាប់វិស័យយោធាកាណាដា។ នេះគឺបន្ថែមពីលើ គម្រោងដែលត្រូវបាន​ប្រកាសរួចស្រេចកន្លងមក ស្តីពីការទិញនាវាចម្បាំងថ្មី ហើយនិងកងយន្តហោះចម្បាំង F-35 ព្រមទាំងការវិនិយោគទៅក្នុងការធ្វើទំនើបកម្ម កងកម្លាំងការពារទ្វីប នៅក្រោមទីបញ្ជាការការពារដែនអាកាសតំបន់អាមេរិកខាងជើង ឬ NORAD។

អង្គការ NATO បានកំណត់គោលដៅ ២ភាគរយនៃអត្រា GDP សម្រាប់ការចំណាយលើវិស័យយោធា សម្រាប់បណ្តារដ្ឋនីមួយៗ ដែលជាសមាជិក។ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា កាណាដាដែលបានរងការរិះគន់ជាយូរមកហើយ សម្រាប់ការដើរយឺតជាងគេក្នុងការចំណាយលើយោធា មានគោលដៅបង្កើន ការចំណាយឱ្យដល់ត្រឹម១.៧៦ភាគរយ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នវាស្ថិតក្នុងកម្រិត១.៣៨ភាគរយ។ យោងតាមទិន្នន័យរបស់ NATO កាណាដាស្ថិតនៅចំណាត់ថ្នាក់លេខ៦ រាប់ចាប់ពីក្រោម​ឡើងទៅ ក្នុងការចំណាយលើវិស័យការពារជាតិ បើគិតអំពីអត្រាភាគរយនៃ GDP ខណៈសមាជិក NATO ជាច្រើន បាននាំគ្នាបង្កើន​ការចំណាយយ៉ាងខ្លាំង ទៅក្នុងយោធារបស់ពួកគេ ដើម្បីឆ្លើយតបចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោក Trudeau ប្រទេសកាណាដា ក៏កំពុងស្ថិតក្នុងដំណើរការកិច្ចពិភាក្សា ដើម្បីចូលរួមក្នុងភាពជាដៃគូសន្តិសុខ AUKUS ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ផងដែរ៕