(ប៉េកាំង)៖ ថ្លែងនៅទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ ក្រោយកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីនឹងរួមគ្នាជាមួយចិនបន្តកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម ខណៈវាគឺជាផ្នែកមួយនៃការបង្កើនទំនាក់ទំនង ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

លោក Lavrov បានលើកឡើងដូច្នេះថា «ខ្ញុំអរគុណភាគីចិន សម្រាប់ការចូលរួមរំលែកទុក្ខ ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្ម នៅតំបន់មូស្គូ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំនេះ និងសម្រាប់ការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រុស្ស៉ី ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ កិច្ចសហប្រតិបត្តិការរបស់ពួកយើង ក្នុងកិច្ចប្រឹងប្រែងបង្រ្កាបភេរវកម្ម​ នឹងនៅតែបន្តទៅមុខ ក្នុងនោះរួមមានទាំង ស្ថិតក្រោមក្របខណ្ឌរបស់​ស្ថាប័នអន្តរជាតិ»

ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេគឺជាអ្នកនៅពីក្រោយ ហេតុការណ៍បាញ់ប្រហារភេរវកម្មយ៉ាងកក្រើក ក្នុងសាលប្រគំតន្រ្តីមួយកន្លែង នៅជាយទីក្រុងមូស្គូ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោច១៤៤នាក់ បាត់បង់ជីវិត ប៉ុន្តែខាងរុស្ស៉ីបានអះអាងថា បើតាមការជឿជាក់​របស់ខ្លួន គឺអ៊ុយក្រែនទំនងជាអ្នកពីក្រោយពិតប្រាកដ នៃការវាយប្រហារនោះ។ យ៉ាងណាមិញ រុស្ស៉ីមិនបានផ្តល់ភស្តុតាង សម្រាប់អំណះអំណាងបែបនេះឡើយ។

គួរបញ្ជាក់ថា លោកប្រមុខការទូតរុស្ស៉ី ដែលកំពុងស្ថិតនៅទីក្រុងប៉េកាំង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការមួយ ក៏បានអរគុណចិនផងដែរ សម្រាប់ការបញ្ជូន​ក្រុមអ្នកសង្កេតការណ៍ ទៅចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី កាលពីខែមីនា ដែលលោក ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់​អាណត្តិថ្មី។ បើតាមទីក្រុងមូស្គូ កិច្ចពិភាក្សារវាង លោក Lavrov និងសមភាគីចិនរបស់លោក នឹងផ្តោតលើប្រធានបទក្តៅៗ ដូចជាសន្តិសុខនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក និងសង្រ្គាមនៅអ៊ុយក្រែន ជាដើម៕