(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ីបានរាយការណ៍ នៅថ្ងៃអង្គារនេះថា គ្រោះទឺកជំនន់កំពុងគំរាមកំំហែងតំបន់ Kurgan ភាគខាងត្បូងប្រទេសរុស្ស៉ី ដោយធ្វើឱ្យអាយុជីវិតមនុស្ស ជាង១៩,០០០នាក់នៅទីនោះ ស្ថិតក្រោមហានិភ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លំនៅដ្ឋានយ៉ាងហោច៤,០០០ខ្នង ក៏អាចរងការប៉ះពាល់ផងដែរ ខណៈចំណាត់ការគ្រាអាសន្នផ្សេងៗ ត្រូវបានដាក់ចេញនៅតាម​តំបន់រងគ្រោះ។ ប៉ុន្មានថ្ងៃមកនេះ គ្រោះទឹកជំនន់ក្នុងកម្រិតធ្ងន់ធ្ងរ មិនធ្លាប់មានគិតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ បានវាយប្រហារ​លើតំបន់មួយចំនួនរបស់ប្រទេសរុស្ស៉ី នៅម្តុំជួរភ្នំ Ural ក៏ដូចជាតំបន់ Siberia រួមជាមួយផ្នែកនៃប្រទេសជិតខាង គឺកាហ្សាក់ស្ថាន បន្ទាប់ពីទន្លេវែងជាងគេលំដាប់ទី៣ ប្រចាំទ្វីបអឺរ៉ឺប បានធ្វើឱ្យធ្លាយទំនប់ទឹក​មួយកន្លែង។

នៅទីក្រុង Orsk ក្នុងតំបន់ Orenburg ប្រជាជនរុស្ស៉ី បានអំពាវនាវរកការជួយពីប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្រោយត្អួញត្អែរថា ក្រុមមន្រ្តីប្រចាំមូលដ្ឋាន ធ្វើការពុំគ្រប់គ្រាន់នោះទេ ដើម្បីជួយសង្រ្គោះពីគ្រោះទឹកជំនន់ដ៏អាក្រក់។ ប្រមុខក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្នរុស្ស៉ី លោក Alexander Kurenkov បានធ្វើដំណើរទៅកាន់តំបន់ខាងលើ នាថ្ងៃអង្គារនេះ ដើម្បីពិនិត្យមើលស្ថានការណ៍នៅកន្លែងផ្ទាល់ ក្រោយត្រូវបានបង្គាប់ឱ្យធ្វើបែបនោះ ពីសំណាក់លោក ពូទីន។ លោក Kurenkov ក៏នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់តំបន់ Kurgan និង Tyumen ផងដែរ។

គួរបញ្ជាក់ថា ទន្លេ Ural បានកើនឡើងកម្ពស់ខ្លាំង ក្នុងពេលត្រឹមតែប៉ុន្មានម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាហេតុបណ្តាលឱ្យធ្លាយ​ទំនប់ទឹកមួយកន្លែង នៅទីក្រុង Orsk ដែលមានចម្ងាយ១,៨០០គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានីមូស្គូ៕