(មូស្គូ)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំងបានលើកឡើងថា វត្តមានយោធាសហរដ្ឋអាមេរិកនៅលើទឹកដីជប៉ុន តែងតែជាឧបសគ្គចំពោះការឈានទៅសម្រេចបាន នូវសន្ធិសញ្ញាសន្តិភាពមូស្គូ-តូក្យូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «សម្ព័ន្ធភាពលើផ្នែកការពារជាតិគឺមានរួចទៅហើយ ដូចដែលយើងដឹងស្រាប់ពី សក្កានុពលយោធាសហរដ្ឋអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីជប៉ុន....នៅជិតព្រំដែនរបស់យើង»។ លោក Peskov បន្ថែមថា «ការណ៍នេះតែងតែជាឧសគ្គ ចំពោះការព្យាយាមឈានទៅដោះស្រាយបញ្ហាចម្បងរបស់យើង នោះគឺសន្ធិសញ្ញាសន្តិភាព»

គួរបញ្ជាក់ថា បញ្ហាទឹកដីនៃប្រជុំកោះក្នុងតំបន់ប៉ាស៉ីហ្វិក ដែលរុស្ស៉ីហៅថាកោះ Kuril និងជប៉ុនហៅថាដែនដីខាងជើងរបស់ខ្លួន នៅតែជាបញ្ហាដ៏ចម្បងនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida គ្រោងចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៉ីនតោនក្នុងសប្តាហ៍នេះ ជាមួយលោកប្រធានាធិបតី ចូ បៃដិន។ ខណៈដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងរយៈពេល ៩ឆ្នាំដោយមេដឹកនាំជប៉ុនទៅកាន់សហរដ្ឋអាមេរិក គេរំពឹងថាជំនួបនោះនឹងផ្តោតលើទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទីបញ្ជាការយោធាអាមេរិក នៅក្នុងប្រទេសជប៉ុន៕