(សេអ៊ូល)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានយោធា រវាងកូរ៉េទាំង២ និងសួរសុខទុក្ខជនភៀសខ្លួនកូរ៉េខាងជើង ក្នុងប្រទេសកូរ៉េខាងត្បូង ចំពោះមុខភាពមិនច្បាស់លាស់នៃកិច្ចប្រឹងប្រែងរបស់ UN​ ដើម្បីធានាការអនុវត្ត ការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចរបស់លោកស្រី Linda Thomas-Greenfield ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា កើតមានឡើងបន្ទាប់ពីរុស្ស៉ីបានបោះឆ្នោត វេតូប្រឆាំងនឹងការផ្ដល់សុពលភាពឡើងវិញដល់គណៈកម្មាធិការចម្រុះជាតិសាសន៍មួយដែលទទួលបន្ទុកតាមដានការអនុវត្តការដាក់ទណ្ឌកម្ម UN ប្រឆាំងនឹងកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង។

តាមអ្នកនាំពាក្យបេសកកម្មអាមេរិកប្រចាំ UN លោក Nate Evans ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកស្រី Thomas-Greenfield នឹងធ្វើដំណើរទៅកាន់ តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ រួមទាំងជួបសួរសុខទុក្ខជនភៀសខ្លួនកូរ៉េខាងជើង។ អ្នកនាំពាក្យរូបនេះដដែលឱ្យដឹងទៀតថាលោកស្រីក៏នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនផងដែរ ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីស្ដីពីការដាក់ទណ្ឌកម្ម និងបញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា នៅក្នុងប្រទេសជប៉ុន លោកស្រី Thomas-Greenfield នឹងត្រូវជួបសមាជិកគ្រួសារនៃពលរដ្ឋជប៉ុនជាច្រើននាក់ដែលត្រូវបានចាប់ពង្រត់អំឡុង ទសវត្សរ៍ឆ្នាំ២០០០ ដោយចារកម្មកូរ៉េខាងជើង ហើយធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Nagasaki ដែលធ្លាប់រងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥៕