(ញូវយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទ ទី៨ ខែមេសានេះថាខ្លួននឹងធ្វើការសម្រេចចិត្តលើពាក្យសុំចូលជាសមាជិក UN ពេញសិទ្ធិរបស់ប៉ាឡេស្ទីននៅក្នុងខែមេសានេះ បន្ទាប់ពីបានបញ្ជូនពាក្យសុំនេះទៅកាន់គណៈកម្មាធិការទទួលយកសមាជិកថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ខណៈសង្រ្គាមក្នុងតំបន់ហ្កាហ្សាឈានចូលដល់ខែទី៧ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវបានប្រជាជនប៉ាឡេស្ទីនចាត់ទុកថាជាប្រវត្តិសាស្ត្រមួយ ប៉ុន្តែ បានបង្កឱ្យមានការថ្កោលទោសយ៉ាងខឹងសម្បារពីអ៉ីស្រាអែល។ ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាល់ត៍ លោកស្រី Vanessa Frazier ដែលកំពុងកាន់តំណែងជាប្រធាន ប្ដូរវេនក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់ថាក្រុមប្រឹក្សាបានសម្រេចចិត្តថានឹងធ្វើការសម្រេចចិត្តលើពាក្យសុំរបស់ប៉ាឡេស្ទីន នៅក្នុងខែមេសានេះ។

គួរបញ្ជាក់ថា សំណើណាមួយដើម្បីសុំចូលជាសមាជិក​ UN ពេញសិទ្ធិ ត្រូវតម្រូវឱ្យមានការឆ្លងកាត់ការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ ជាទីដែលសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែលមានសិទ្ធិវេតូ ហើយបន្ទាប់មកត្រូវបញ្ជូនទៅកាន់មហាសន្និបាត UN។ ប៉ាឡេស្ទីនបានទទួលឋានៈជារដ្ឋអង្កេតការណ៍នៅឯ UN ចាប់តាំងពីឆ្នាំ២០១២ និងបានព្យាយាមជាច្រើនឆ្នាំមកហើយដើម្បីស្នើសុំសមាជិកភាពពេញសិទ្ធិ ដែលនេះជាការត្រួសត្រាយផ្លូវមួយឆ្ពោះទៅរដ្ឋការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន៕