(ឡុងដ៍)៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី កំពុងពិចារណាធ្វើកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើគម្រោងពង្រឹងសមត្ថភាពតាមរយៈសន្ធិសញ្ញាសន្តិសុខ AUKUS។ នេះបើតាមការបញ្ជាក់របស់ប្រទេសទាំង៣ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) ត្រូវបានរំពឹងថានឹងពិភាក្សាបន្ថែមលើប្រធានបទនេះ នៅពេលដែល មេដឹកនាំទាំង២ ជួបគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោនៅ។ AUKUS ដែលត្រូវបានបង្កើតឡើងដោយប្រទេសទាំង៣ កាលពីឆ្នាំ២០២១ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សសរស្ដម្ភទី១នៃសន្ធិសញ្ញានេះ គឺការជួយអូស្ត្រាលីទទួលបាន នាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ។ ចំណែក សសរស្ដម្ភទី២ គឺផ្ដោតលើបច្ចេកវិទ្យាទំនើបៗផ្សេងទៀតដូចជាបញ្ញាសប្បនិម្មិត បច្ចេកវិទ្យា cyber quantum computing បច្ចេកវិទ្យាល្បឿនលឿនជាងសំឡេង និងសមត្ថភាពនៅក្រោមបាតសមុទ្រ។

សេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា សមាជិក AUKUS បានបញ្ជាក់យ៉ាងច្បាស់ជាយូរមកហើយពីឆន្ទៈរបស់ពួកគេក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសដទៃលើ «សសរស្ដម្ភទី២» នៃសន្ធិសញ្ញាដែលនឹងសហការលើបច្ចេកវិទ្យានវានុវត្ដន៍ ហិរញ្ញវត្ថុ ការពង្រឹងឧស្សាហកម្ម សមត្ថភាពការពារទិន្នន័យ និងព័ត៌មានសំខាន់ៗ រួមទាំងផលប៉ះពាល់លើការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍រួមខាងលើ មិនមានការស្នើសុំណាមួយឱ្យជប៉ុនចូលរួមក្នុងជាភាគីនៅក្នុងសន្ធិសញ្ញានេះនោះទេ ខណៈចិនចាត់ទុក AUKUS គឺជា គ្រោះថ្នាក់មួយ និងព្រមានថាសន្ធិសញ្ញានេះអាចនឹងជំរុញឱ្យមានការរត់ប្រណាំងសព្វាវុធក្នុងតំបន់៕