(ប៉ារីស)៖ មេដឹកនាំបារាំង អេហ្ស៉ីប និងហ្ស៊កដានី បានព្រមានអ៉ីស្រាអែល ប្រឆាំងនឹងប្រតិបត្តិការយោធាណាមួយវាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការព្រមានរបស់មេដឹកនាំនៃប្រទេសទាំង៣ កើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា បានអះអាងថា កាលបរិច្ឆេទសម្រាប់អ៉ីស្រាអែលវាយលុកចូលទីក្រុង Rafah ត្រូវបានកំណត់រួចរាល់ហើយ។ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ មេដឹកនាំបារាំង អេហ្ស៉ីប និងហ្ស៊កដានី បានលើកឡើង ដូច្នេះថា «យើងព្រមានប្រឆាំងនឹងផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតចេញពីការវាយលុករបស់អ៉ីស្រាអែលលើទីក្រុង Rafah ជាទីដែលប្រជាជនស៊ីវិលប៉ាឡេស្ទីនប្រហែល ១.៥លាននាក់កំពុងជ្រកកោន។ ការវាយលុកណាមួយនឹងបង្កឱ្យមានមនុស្សស្លាប់ ការឈឺចាប់ គ្រោះថ្នាក់ដ៏សម្បើម និងផលវិបាកនៃបណ្ដេញចេញប្រជាជនហ្កាហ្សាទាំងបង្ខំ ហើយ ក៏បង្កភាពតានតឹងក្នុងតំបន់ទាំងមូលផងដែរ»

គួរបញ្ជាក់ថា ក្រៅពីបារាំង អេហ្ស៉ីប និងហ្ស៊កដានី សហរដ្ឋអាមេរិក ក៏បានបង្ហាញជំហរប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាណាមួយក្នុងទីក្រុង Rafah ដែរ ក្រោយលោក ណេតាន់យ៉ាហ៊ូ និយាយកាលបរិច្ឆេទវាយលុកចូលទីក្រុង Rafah ត្រូវបានកំណត់រួចរាល់ហើយ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕