(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា បាននិយាយថាកាលបរិ​ច្ឆេទមួយត្រូវបានកំណត់រួចរាល់ហើយ សម្រាប់វាយលុករបស់អ៉ីស្រាអែលចូលទីក្រុង Rafah ជាទីជម្រកជ្រកកោនចុងក្រោយបំផុតរបស់ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីសង្រ្គាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃចន្ទ) ខ្ញុំទទួលបានរបាយការណ៍លម្អិតមួយស្ដីពីកិច្ចចរចាក្នុងទីក្រុងគែរ។ យើងកំពុងប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចគោលដៅរបស់យើង ហើយគោលដៅចម្បងបំផុត នោះគឺរំដោះចំណាប់ខ្មាំងទាំងអស់ និងសម្រេចឱ្យបានជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស»។ តាមលោក ណេតាន់យ៉ាហ៊ូ ជ័យជម្នះរបស់អ៉ីស្រាអែល គឺតម្រូវឱ្យមានការវាយលុកចូលទីក្រុង Rafah និងកម្ចាត់កងពលរបស់ក្រុមហាម៉ាសដែលលោកអះអាងថាមានមូលដ្ឋានក្នុងទីក្រុង មួយនេះ ហើយកាលបរិច្ឆេទត្រូវបានកំណត់រួចរាល់ហើយ។

ក៏ប៉ុន្តែ​ លោក ណេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទនេះទេ ខណៈកិច្ចចរចាស្វែងរកបទឈប់បាញ់បានចាប់ផ្ដើមឡើងវិញក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប រីឯ សម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល ក្នុងនោះមានទាំងសហរដ្ឋអាមេរិកបានបង្ហាញជំហរប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាក្នុងទីក្រុង Rafah៕