(ដាម៉ាស់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានបើកអគារកុងស៊ុលថ្មីមួយនៅក្នុងរដ្ឋធានីដាម៉ាស នៃប្រទេសស៊ីរីនៅថ្ងៃចន្ទនេះ បន្ទាប់ពីស្ថានកុងស៊ុលចាស់ ត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

លោក Amir Abdullahian និងសមភាគីស៊ីរី លោក Faisal Al-Miqdad បានចូលរួមក្នុងពិធីបើកសម្ពោធអគារថ្មី ដែលមានទីតាំងនៅជាប់នឹងអគារដែលត្រូវបានបំផ្លាញ ដោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន។ មុន​ពេល​បើក​ជា​ផ្លូវការ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ក៏បាន​ទៅ​ពិនិត្យមើល​ទីតាំង​ស្ថាន​កុងស៊ុល​ដែល​ត្រូវ​បាន​បំផ្លាញផងដែរ។

ក្រុងតេអេរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងដាម៉ាស បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទសប្តាហ៍មុន លើស្ថានកុងស៊ុលរបស់ខ្លួន ដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួនប្រាំពីរនាក់ ក្នុងនោះរួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។

ក្រុង​ដាម៉ាស និង​ក្រុង​តេអេរ៉ង់​បាន​បន្ទោស​អ៊ីស្រាអែល​ ចំពោះ​ការ​វាយឆ្មក់​នេះ ខណៈភាគីអ៊ីស្រាអែល មិន​បាន​ធ្វើ​អត្ថាធិប្បាយអ្វី​ទេ។

គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់តំបន់កាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមនៅប្រទេសអូម៉ង់ ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុង Muscat បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។

ទីប្រឹក្សា​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានទូត​អ៊ីស្រាអែល​លែង​មាន​សុវត្ថិភាព​ទៀតហើយ បន្ទាប់ពី​ការវាយប្រហារ​នៅ​ក្រុង​ដាម៉ាស៕