(មូស្គូ)៖ រុស្ស៉ីបានជម្លៀសមនុស្សប្រហែល ២,០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងទីក្រុង Orsk នៃប្រទេសរុស្ស៉ី មួយថ្ងៃបន្ទាប់ពីទឹកជំនន់ពីទន្លេ Ural បានជន់លិចភូមិដែលនៅតាមមាត់ទន្លេ និងបណ្តាលឱ្យបាក់ទំនប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ ២០២៤។

អភិបាលតំបន់និយាយថា ប្រជាជនត្រូវបានជម្លៀសចេញពីទីក្រុងដែលមានមនុស្សរស់នៅចំនួន ២៣០,០០០នាក់ ស្ថិតនៅជិតព្រំដែនរុស្ស៉ីជាមួយកាហ្សាក់ស្ថាន បន្ទាប់ពីផ្ទះរាប់ពាន់ខ្នងរងនូវការជន់លិចនៅក្នុងតំបន់នោះ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អាជ្ញាធរស្រុក Orenburg ទីក្រុង Orsk នៃតំបន់ភ្នំ Ural បានជំរុញឱ្យអ្នកស្រុកនៃសហគមន៍មាត់ទន្លេជម្លៀសខ្លួនចេញបន្ទាប់ពីធ្លាយទំនប់វារីអគ្គិសនី។ បើតាមការិយាល័យ​រដ្ឋអាជ្ញា​ក្នុង​តំបន់​ ​ទំនប់​នេះ​ធ្លាយដោយ​សារ​តែការ​ថែទាំ​មិន​ល្អ។

គួរបញ្ជាក់ថា ខេត្តនៅក្នុងតំបន់ស៉ីបេរី និងតំបន់ភ្នំ Ural របស់រុស្ស៉ី ក៏ដូចជាផ្នែកជិតខាងនៃប្រទេសកាហ្សាក់ស្ថាន ត្រូវបានជន់លិចដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែមកនេះ៕