(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី៦ ខែមេសានេះបាន​ឱ្យដឹងថាការវាយប្រហារមួយរបស់រុស្ស៉ីលើទីក្រុង Kharkiv ដែលជាទីក្រុងធំជាងគេបំផុតទី២របស់អ៊ុយក្រែន បានសម្លាប់ជនស៊ីវិល ៦នាក់ និង១០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីអ៊ុយក្រែន ការវាយប្រហារខាងលើធ្វើឡើងដោយដ្រូន។ រីឯ ចៅហ្វាក្រុង Kharkiv លោក Ihor Terekhov ក៏បានបញ្ជាក់ក្នុងសារមួយបង្ហោះលើ​ Telegram ផងដែរថាមានមនុស្ស ៦នាក់បានស្លាប់ និង១០នាក់រងរបួស នៅក្នុងការវាយប្រហារលើស្រុក Shevchenkivskyi។ បន្ថែមពីលើនេះ យោធាអ៊ុយក្រែនបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញដ្រូន ២៨គ្រឿង ក្នុងចំណោម ៣២គ្រឿង និងមីស៊ីល៣គ្រាប់ ក្នុងចំណោម៦គ្រាប់ បាញ់ដោយរុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុង Kharkiv ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន តែងតែរងការវាយប្រហារជាញឹកញាប់ពីសំណាក់កងកម្លាំងរុស្ស៉ី ជាពិសេសប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការវាយប្រហារមានការកើនឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាង កាលពីថ្ងៃពុធសប្ដាហ៍នេះ ការវាយប្រហារដោយដ្រូនមួយក្នុងទីក្រុងនេះ បានសម្លាប់មនុស្ស ៤នាក់ និងបង្កការខូចខាតដល់អគារមួយចំនួន៕