(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ ទី៥ ខែមេសាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការស្លាប់របស់ បុគ្គលិកមនុស្សធម៌ ១៩៦នាក់ដែលត្រូវបានសម្លាប់ក្នុងតំបន់ហ្កាហ្សា អំឡុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការខឹងសម្បារជាសកលជុំវិញវិបត្តិមនុស្សធម៌នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២.៣ លាននាក់បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្ស ៧ នាក់ដែលធ្វើការឱ្យអង្គការអាហារសប្បុរសធម៌ World Central Kitchen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អ៉ីស្រាអែលកាលពីថ្ងៃសុក្រនោះដែរ បាននិយាយថាការស៊ើបអង្កេតរបស់ខ្លួនជុំវិញការវាយប្រហារលើក្បួនរថយន្ដដឹកជំនួយរបស់អង្គការ World Central Kitchen បាន រកឃើញពីកំហុសធ្ងន់ធ្ងរ និងការរំលោភបំពានលើបទដ្ឋានស្ដង់ដារ។ យ៉ាងណាក៏ដោយ លោក Guterres បានលើកឡើងថាខណៈរដ្ឋាភិបាលអ៉ីស្រាអែលពិតជាបានទទួល ស្គាល់កំហុស ប៉ុន្តែបញ្ហាមិនមែននៅត្រង់ថាតើនរណាជាអ្នកប្រព្រឹត្តកំហុសនោះទេ វាគឺជាបញ្ហាយុទ្ធសាស្ត្រយោធា និងការអនុវត្តនីតិវិធី ដែលអនុញ្ញាតឱ្យកំហុសទាំងនោះ កើតឡើងម្ដងហើយម្ដងទៀត។ ប្រមុខ​ UN រូបនេះបន្តទៀតថា «បុគ្គលិកជំនួយមនុស្សធម៌១៩៦នាក់ត្រូវបានសម្លាប់ ហើយយើងចង់ដឹងថាហេតុអ្វីបានជាពួកគេម្នាក់ៗ ត្រូវបានសម្លាប់»

គួរបញ្ជាក់ថា ជុំវិញការវាយប្រហារសម្លាប់បុគ្គលិកមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា យោធាអ៉ីស្រាអែល បានបណ្ដេញមន្ត្រី២នាក់ចេញពីតំណែង និងបានបន្ទោសជាផ្លូវការលើ មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន ២រូប។ អ៊ីស្រាអែលក៏បានយល់ព្រមបើកច្រក Erez ទៅកាន់ភាគខាងជើងហ្គាហ្សា និងការប្រើប្រាស់បណ្តោះអាសន្ននៃកំពង់ផែ Ashdod នៅភាគខាងត្បូងអ៊ីស្រាអែលផងដែរ ក្រោយប្រធានាធិបតីអាមេរិក Joe Biden បានទាមទារឱ្យមានវិធានការ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយនិយាយថា លក្ខខណ្ឌពាក់ព័ន្ធនឹងជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៉ីស្រាអែល អាចនឹងត្រូវដាក់ចេញប្រសិនគ្មានការទទួលខុសត្រូវលើបញ្ហានេះ៕