(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់ បាននិយាយថាសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ និងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារសងសឹកណាមួយ របស់អ៉ីរ៉ង់លើអ៉ីស្រាអែល ឬកងទ័ពអាមេរិក នៅក្នុងតំបន់ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើស្ថានទូតអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីខាងលើដដែល បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រ ទី៥ ខែមេសាថា «យើងកំពុងស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ចំពោះការវាយប្រហារដែល អាចនឹងកើតឡើងនៅសប្ដាហ៍ក្រោយ»។ អ៉ីរ៉ង់បានចោទប្រកាន់អ៉ីស្រាអែលថាបានបើកការវាយប្រហារតាមផ្លូវអាកាសលើស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ដោយបានសម្លាប់ទីប្រឹក្សាយោធាអ៉ីរ៉ង់៧នាក់ ក្នុងនោះរួមមានទាំងលោក Mohammad Reza Zahedi ដែលជា មេបញ្ជាការជាន់ខ្ពស់ម្នាក់ទទួលបន្ទុកដឹកនាំប្រតិបត្តិការយោធារបស់អ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងលីបង់។

អ៉ីស្រាអែលមិនបានទទួលស្គាល់ថាខ្លួនពិតជាបានវាយប្រហារលើស្ថានទូតអ៉ីរ៉ង់ ឬក៏យ៉ាងណានោះទេ ហើយក៏មិនបានប្រកែកនោះដែរ។ តែបានប្រកាសដាក់ឱ្យកងទ័ព ប្រុងជើងការខ្ពស់ផងដែរ ខណៈអ៉ីរ៉ង់ប្រកាសដាច់ខាតថាត្រូវតែសងសឹក៕