(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសុក្រ ទី៥ ខែមេសានេះ បានបណ្ដេញមន្ត្រី២នាក់ចេញពីតំណែង និងបានបន្ទោសជាផ្លូវការលើមេបញ្ជាការជាន់ខ្ពស់របស់ខ្លួន ២រូប បន្ទាប់ពីការស៊ើបអង្កេតមួយលើការសម្លាប់បុគ្គលិកមនុស្សធម៌ ៧នាក់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយក្នុងតំបន់ហ្កាហ្សា នៅក្នុងសប្ដាហ៍នេះ ដោយបានរកឃើញពីកំហុសធ្ងន់ធ្ងរ និងការបំពានលើនីតិវិធីមួយចំនួន។ នេះបើតាមការបញ្ជាក់ពីយោធាអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការស៊ើបអង្កេតរបស់យោធាអ៉ីស្រាអែល បានរកឃើញថា កងកម្លាំងរបស់ខ្លួនមានការភ័ន្តច្រឡំ ដោយជឿថាពួកគេបានវាយប្រហារលើខ្មាន់កាំភ្លើងហាម៉ាស នៅពេល ការវាយប្រហារដោយដ្រូនត្រូវចំរថយន្ដ៣គ្រឿងរបស់បុគ្គលិកមនុស្សធម៌ នៃអង្គការ World Central Kitchen កាលពីយប់ថ្ងៃចន្ទកន្លងទៅ ហើយថាបទដ្ឋានស្ដង់ដារមួយចំនួនមិនត្រូវបានអនុវត្តតាម។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសលើរថយន្ដដឹកជំនួយ គឺជាកំហុសធ្ងន់ធ្ងរ ដែលបង្កឡើង ដោយសារបរាជ័យក្នុងការបញ្ជាក់អត្តសញ្ញាណ កំហុសក្នុងការសម្រេចចិត្ត និងការវាយប្រហារដែលធ្វើឡើងផ្ទុយពីនីតិវិធីប្រតិបត្តិការតាមស្ដង់ដារ។ ដូច្នេះហើយ យោធាអ៉ីស្រាអែលបានសម្រេចបណ្ដេញវរសេនីយ៍ឯកម្នាក់ និងវរសេនីយ៍ត្រីម្នាក់ពីតំណែង ព្រមទាំងបន្ទោសជាផ្លូវការលើមេបញ្ជាការជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះរួមមាន ទាំងឧត្តមសេនីយ៍ដែលជាប្រមុខទីបញ្ជាការភូមិភាគខាងត្បូងផងដែរ។

គួរបញ្ជាក់ថា ការសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ទាំង ៧នាក់ ក្នុងនោះរួមមានពលរដ្ឋអង់គ្លេស អូស្ត្រាលី ប៉ូឡូញ ជនជាតិប៉ាឡេស្ទីន និងពលរដ្ឋមានសញ្ជាតិ២អាមេរិក និងកាណាដា បានជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងលើអ៉ីស្រាអែលពីសំណាក់អន្តរជាតិ៕