(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃសុក្រ ទី៥ ខែមេសានេះ បានគំរាមសងសឹកអ៉ីស្រាអែលសាជាថ្មី ចំពោះការវាយប្រហារលើបរិវេណស្ថានទូតអ៉ីរ៉ង់ប្រចាំប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមានជាថ្មីរបស់អ៉ីរ៉ង់ ធ្វើឡើងនៅឯពិធីបុណ្យសពមន្ត្រីរបស់ខ្លួន ៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស លើអគារស្ថានកុងស៊ុលមួយស្ថិតនៅ ក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ប្រចាំទីក្រុងដាម៉ាស ប្រទេសស៊ីរី។

អ៉ីស្រាអែលមិនបានទទួលស្គាល់ ហើយក៏មិនបានប្រកែកនឹងការចោទប្រកាន់របស់អ៉ីរ៉ង់នោះដែរ។ ក្នុងចំណោម អ្នកដែលត្រូវបានសម្លាប់ ក្នុងនោះរួមមានទាំងលោក Mohammad Reza Zahedi ជាមេបញ្ជាការជាន់ខ្ពស់ម្នាក់ដឹកនាំប្រតិបត្តិការយោធារបស់អ៉ីរ៉ង់ នៅក្នុងប្រទេសលីបង់ និងស៊ីរី។ «មិនមានឡើយសកម្មភាពរបស់សត្រូវប្រឆាំងនឹងសាធារណរដ្ឋអ៉ីស្លាម (អ៉ីរ៉ង់) កើតមានឡើង ដោយមិនមានការសងសឹកវិញ។ កងទ័ពដ៏ក្លាហានរបស់យើង នឹងដាក់ទណ្ឌកម្មលើរបប Zionist»។ នេះជាការព្រមានរបស់លោក Hossein Salami ជាអគ្គមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ក៏បានព្រមានដែរថា នឹងកម្ទេចមិនថានរណានោះទេឱ្យតែចង់ ឬមានផែនការបំផ្លាញអ៉ីស្រាអែល៕