(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា យន្តហោះដ្រូនគ្មានមនុស្សបើកអ៊ុយក្រែន បានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែមិនបង្កការខូចខាតណាមួយ ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់វានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ អំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នោះទេ។ កាលពីមុន ភាគីម្ខាងនៃជម្លោះក្នុងរយៈពេលពីរឆ្នាំមកនេះ បានចោទប្រកាន់ភាគីម្ខាងទៀតថា បានបាញ់ផ្លោងរោងចក្រនេះ ដែលម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំមួយរបស់វា មិនដំណើរការនោះទេ។

​ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា «ថ្មីៗនេះ យន្តហោះដ្រូនប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែន បានកំពុងហោះហើរនៅក្នុងតំបន់ Zaporizhzhia ។ ជាពិសេស ការបាញ់បង្ហោះត្រូវបានកត់ត្រានៅថ្ងៃនេះ គឺនៅក្នុងតំបន់នៃកំពង់ផែដឹកជញ្ជូន និងស្ថានីយ៍អុកស៊ីហ៊្សែនអាសូតលេខ ២ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia»។

ទោះជាយ៉ាងណា ភ្លាមៗមិន​មាន​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​ អំពី​ការ​ចោទ​ប្រកាន់​របស់រុស្ស៊ីនេះទេ ​ពីសំណាក់​ភាគីអ៊ុយក្រែន។

ដោយឡែក​ការ​ប្រកាស​អាសន្ន​ផ្លូវ​អាកាស​ ត្រូវ​បាន​ចេញ​នៅ​តំបន់​ Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​អ៊ុយក្រែន​ កាលពី​រសៀល​ថ្ងៃ​សុក្រនេះ។ ការផ្ទុះជាច្រើនបានកើតឡើងនៅក្នុងទីក្រុង Zaporizhzhia ហើយអភិបាលតំបន់ លោក Ivan Fedorov បាននិយាយថា មានអ្នករងរបួសផងដែរ។

គួរជម្រាបថា រ៉េអាក់ទ័រទាំងប្រាំមួយនៅរោងចក្រ Zaporizhzhia ត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី ហើយវាមានទីតាំងនៅជិតជួរមុខនៃសង្រ្គាមនៅអ៊ុយក្រែន។ រ៉េអាក់ទ័រទាំងនោះមិន​ដំណើរការ​ទេ ប៉ុន្តែ​រោងចក្រ​នេះ​ពឹងផ្អែក​លើ​ថាមពល​ខាងក្រៅ​ដើម្បី​រក្សា​សារធាតុ​នុយក្លេអ៊ែរ​ឱ្យ​ត្រជាក់ និង​ការពារ​ពីគ្រោះថ្នាក់​មហន្តរាយ៕