(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រនេះថា លោកសង្ឃឹមដោយស្មោះថា អ៊ីស្រាអែលនឹងបង្កើនលទ្ធភាពទទួលបានជំនួយទៅដល់តំបន់ហ្គាហ្សា ឱ្យយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយបានហៅស្ថានការណ៍នៅហ្គាហ្សាដោយឡោមព័ន្ធ បន្ទាប់ពីសង្គ្រាមរយៈពេលប្រាំមួយខែថា «អស់សង្ឃឹមយ៉ាងពិតប្រាកដ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២៤។

លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា «នៅពេលដែលទ្វារជំនួយបិទ នោះមានន័យថា ទ្វារទៅរកភាពអត់ឃ្លានបានបើក។ ជាងពាក់កណ្តាលនៃចំនួនប្រជាជនជាង ២ លាននាក់កំពុង ប្រឈមមុខនឹងភាពអត់ឃ្លានដ៏មហន្តរាយ។ សព្វថ្ងៃនេះ កុមារនៅហ្គាហ្សាទទួលរងពីការខ្វះអាហារ និងទឹកយ៉ាងធ្ងន់ធ្ងរ»។

លោក​បាន​ថ្លែង​ទៀតថា​ «​នេះ​គឺ​ជា​ការ​មិន​អាច​យល់​បាន​ និង​អាច​ជៀស​បាន​ទាំង​ស្រុង​។ គ្មានអ្វីអាចបង្ហាញពីភាពត្រឹមត្រូវ នៃការដាក់ទណ្ឌកម្មរួមរបស់ប្រជាជនប៉ាឡេស្ទីននោះទេ»។

ការខឹងសម្បារជាសកលជុំវិញវិបត្តិមនុស្សធម៌នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២.៣ លាននាក់បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្ស ៧ នាក់ដែលធ្វើការឱ្យអង្គការអាហារសប្បុរសធម៌ World Central Kitchen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អង្គការសហប្រជាជាតិ និយាយថា យ៉ាងហោចណាស់ បុគ្គលិកមនុស្សធម៌ ១៩៦ នាក់ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ នៅក្នុងសង្គ្រាមរយៈពេល ៦ ខែ ដែលអ៊ីស្រាអែលបានបើកយុទ្ធនាការសងសឹកក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ជុំវិញការវាយប្រហារដ៏សាហាវ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

គួរជម្រាបថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានយល់ព្រមបើកច្រក Erez ទៅកាន់ភាគខាងជើងហ្គាហ្សា និងការប្រើប្រាស់បណ្តោះអាសន្ននៃកំពង់ផែ Ashdod នៅភាគខាងត្បូងអ៊ីស្រាអែល ក្រោយប្រធានាធិបតីអាមេរិក Joe Biden បានទាមទារឱ្យមានវិធានការ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយនិយាយថា លក្ខខណ្ឌពាក់ព័ន្ធនឹងជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៉ីស្រាអែល អាចនឹងត្រូវដាក់ចេញប្រសិនគ្មានការទទួលខុសត្រូវលើបញ្ហានេះ៕