(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា អ៉ីស្រាអែលកំពុងចាញ់សង្រ្គាមសាធារណមតិ នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដោយសារតែការចែកចាយរូបភាពនិងវីដេអូ យ៉ាងច្រើនសម្បើម បង្ហាញឱ្យឃើញពីភាពវិនាសហិនហោច នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក លោក ត្រាំ បាននិយាយរិះគន់លើអ៉ីស្រាអែល សម្រាប់ការបញ្ចេញរូបភាព​ ក៏ដូចជាឃ្លីបវីដេអូដ៏អាក្រក់ៗ បង្ហាញពីសំណង់អគារត្រូវបានបំផ្លិចបំផ្លាញ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅ Gaza។ លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «មនុស្សម្នាតែងស្រមៃថា មានមនុស្សជាច្រើនស្ថិតក្នុងអគារទាំងនោះ ហើយពួកគេមិនសប្បាយ​ចិត្តឡើយ នៅពេលឃើញបែបនោះ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាអ៉ីស្រាអែល បញ្ចេញរូបភាពនិងវីដេអូសង្រ្គាម ទាំងនេះទេ។ បើតាមការស្មានរបស់ខ្ញុំ វាប្រហែលជាធ្វើឱ្យពួកគេមើលឃើញទៅខ្លាំងរឹងមាំ ប៉ុន្តែចំពោះខ្ញុំ វាមិនដូច្នោះឡើយ។ អ៉ីស្រាអែល កំពុងតែចាញ់សង្រ្គាមសាធារណមតិ ហើយចាញ់យ៉ាងខ្លាំងក្លា។ ពួកគេត្រូវតែបញ្ចប់ទៅវិញ នូវអ្វីដែលខ្លួនចាប់ផ្តើមឱ្យបានឆាប់»

លោក ដូណាល់ ត្រាំ ដែលអាចនឹងត្រឡប់មកកាន់អំណាច នៅសេតវិមានសាជាថ្មី ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំនេះ ធ្លាប់បានចាត់ទុកខ្លួនឯង ជាប្រធានាធិបតីដែលគាំទ្រអ៉ីស្រាអែលខ្លាំងជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តអាមេរិក តាមរយៈ​ការសម្រេចចិត្តផ្លាស់ប្តូរស្ថានទូតអាមេរិក ទៅកាន់ទីក្រុងហ៊្សេរុយសាឡិម។ លោក ត្រាំ ក៏បានរិះគន់ធ្ងន់ៗលើ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ផងដែរ ដែលធ្លាប់ធ្វើឱ្យរូបលោកខឹងសម្បារ នៅពេលទទួលស្គាល់ការជាប់ឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីឆ្នាំ២០២០។ កាលពីខែកុម្ភៈ លោក ត្រាំ ធ្លាប់ចេញមុខព្រមានស្រដៀងគ្នាថា អ៉ីស្រាអែលកំពុងតែបាត់បង់ការគាំទ្រលើឆាកអន្តរជាតិ ស្របពេលដែលសង្រ្គាមបន្តអូសបន្លាយ។

គួរបញ្ជាក់ថា អតីតមេដឹកនាំអាមេរិករូបនេះ ក៏បានរិះគន់គោលនយោបាយលោក បៃដិន ស្តីពីសង្រ្គាម Gaza ផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេតវិមានអាមេរិក បាននិយាយថា លោក បៃដិន បានព្រមានលោក Netanyahu អំឡុងកិច្ចសន្ទនាថ្មីមួយតាមទូរស័ព្ទ ដោយប្រាប់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សង្រ្គាមនេះ គឺនឹងអាស្រ័យទៅលើគោលការណ៍រឹងមាំ ហើយច្បាស់លាស់របស់អ៉ីស្រាអែល ដើម្បីការពារជនស៉ីវិល។ ការព្រមានរបស់លោក បៃដិន កើតមានឡើង បន្ទាប់ពីយោធាអ៉ីស្រាអែល បានសម្លាប់បុគ្គលិកមនុស្សធម៌៧នាក់ មកពីអង្គការ World Central Kitchen ក្នុងនោះ​បុគ្គលិកម្នាក់មានសញ្ជាតិអាមេរិក-កាណាដា៕