(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា ១គ្រឿងទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិទីក្រុងសេអ៊ូល បានប្រាប់ AFP ថា សេចក្តីរាយការណ៍ក្នុងស្រុក ដែលអះអាងថា ការបាញ់បង្ហោះនឹង​ប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមេសា នៅឯសហរដ្ឋអាមេរិក គឺត្រឹមត្រូវហើយ ខណៈព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវចែករំលែកនៅសប្តាហ៍ក្រោយ។ វានឹងជាការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធាគ្រឿងទី២ របស់កូរ៉េខាងត្បូង។

កាលពីខែធ្នូ ឆ្នាំ២០២៣ ទីក្រុងសេអ៊ូលបានប្រកាសពីជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធាទី១របស់ខ្លួន ដែលត្រូវ​បាននាំយកទៅកាន់ទីអវកាស តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX។ ការបាញ់បង្ហោះលើកទី២ នឹងត្រូវធ្វើឡើងចេញពីមជ្ឈមណ្ឌល John F. Kennedy Space Center ក្នុងរដ្ឋ Florida របស់អាមេរិក តាមរយៈរ៉ុក្កែត Falcon 9 ដដែល។ កូរ៉េខាងត្បូងមានផែនការបាញ់បង្ហោះ ផ្កាយរណបចារកម្មសរុប៥គ្រឿង នៅត្រឹមឆ្នាំ២០២៥ ដើម្បីពង្រឹងការតាមដានសកម្មភាព របស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីអំឡុងចុងឆ្នាំមុន គឺកាលពីខែវិច្ឆិកា កូរ៉េខាងជើងក៏បានបាញ់បង្ហោះ ផ្កាយរណបស៉ើបការណ៍យោធាដំបូងរបស់ខ្លួនដែរ។ ជោគជ័យនោះ ត្រូវសម្រេចបាន ក្រោយទីក្រុងព្យុងយ៉ាងទទួលបរាជ័យ២លើក កាលពីខែឧសភា និងខែសីហា ឆ្នាំដដែល៕