(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បាននិយាយក្នុងសប្តាហ៍នេះថា សហភាពអឺរ៉ុបនឹងត្រូវជជែកដេញដោលមតិ ថាតើគួរតែបន្តទំនាក់ទំនងលក្ខណៈយុទ្ធសាស្រ្តរបស់ខ្លួន ជាមួយអ៉ីស្រាអែល ដែរឬយ៉ាងណា ប្រសិនបើគណៈកម្មការអឺរ៉ុបរកឃើញច្បាស់ថា អ៉ីស្រាអែលពិតជាបានប្រព្រឹត្ត សកម្មភាពរំលោភបំពានច្បាប់មនុស្សធម៌ ក្នុងសង្រ្គាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍កាតា Al Jazeera លោក Sanchez បានលើកឡើងដូច្នេះថា «សម្រាប់ EU គឺទ្វារនឹងត្រូវបើកចំហ សម្រាប់ការជជែកដេញដោលមតិ ក្នុងក្រុមប្រឹក្សាអឺរ៉ុប ដើម្បីស្ទង់មើលថា យើងអាចបន្តទំនាក់ទំនងយុទ្ធសាស្រ្តនេះ តទៅមុខទៀតដែរឬទេ។ ប៉ុន្តែវាជារឿងដែលជាដំបូង យើងត្រូវការការវាយតម្លៃ ពីគណៈកម្មការអឺរ៉ុបសិន»។ កាលពីខែកុម្ភៈ លោក Sanchez និងសមភាគីអៀរឡង់របស់លោក បានស្នើឱ្យទីក្រុងព្រុចសែលពិនិត្យមើលជាបន្ទាន់ ថាតើអ៉ីស្រាអែលគោរព កាតព្វកិច្ចការពារសិទ្ធិមនុស្សរបស់ខ្លួន ដែរឬអត់ នៅតំបន់ Gaza ជាទីដែលអ៉ីស្រាអែល បានចាប់ផ្តើមធ្វើសង្រ្គាមទ្រង់ទ្រាយធំ ចាប់តាំងពីការឆ្មក់វាយលុករបស់ ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីខែតុលា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្រ្តីអេស៉្បាញ ក៏បានអំពាវនាវជាថ្មី នូវបទឈប់បាញ់អចិន្រ្តៃយ៍ នៅ Gaza ផងដែរ និងស្នើឱ្យមានការទទួលស្គាល់ជា​អន្តរជាតិ ចំពោះប៉ាឡេស្ទីន ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលមានសមាជិកភាពពេញលេញ នៅក្នុងអង្គការសហប្រជាជាតិ។ អេស៉្បាញ អៀរឡង់ ម៉ាល់ត៍ និងស្លូវេនី បានប្រកាសកាលពីខែមីនាថា ពួកគេនឹងធ្វើការឆ្ពោះទៅរក ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈអ៉ីស្រាអែល បានប្រាប់ប្រទេសទាំង៤ថា វានឹងស្មើមានន័យថា ប្រគល់រង្វាន់ឱ្យអំពើភេរវកម្ម ដែលនឹងកាត់បន្ថយថែមទៀត នូវឱកាសនៃការចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ​សម្រាប់ជម្លោះ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៨មក សមាជិក UN ចំនួន១៣៩ ក្នុងចំណោម១៩៣ បានទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន៕