(វែលីងតោន)៖ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយនៅថ្ងៃសុក្រនេះថា នូវែលសេឡង់ប្តេជ្ញាធ្វើការកាន់តែជិតស្និទ្ធជាមួយដៃគូអង្គការណាតូ (NATO) ដើម្បីគាំទ្រដល់សន្តិសុខសមូហភាព ហើយរំពឹងថានឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូរបស់ខ្លួន ជាមួយណាតូ នៅប៉ុន្មានខែខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ ២០២៤។

បន្ទាប់ពីចូលរួមកិច្ចប្រជុំនៃរដ្ឋមន្រ្តីការបរទេសណាតូ នៅក្នុងទីក្រុងព្រុចសែល លោក Peters បានបញ្ជាក់ថា «នូវែលសេឡង់ ប្តេជ្ញាធ្វើការរួមគ្នាជាមួយដៃគូណាតូ ដើម្បីរួមចំណែកដល់សន្តិសុខសមូហភាព ដូចជាតាមរយៈការគាំទ្ររបស់យើង សម្រាប់ការការពារស្វ័យភាពរបស់អ៊ុយក្រែនជាដើម»។ លោក Peters បន្ថែមថា «យើងក៏រំពឹងថា នឹងបញ្ចប់កិច្ចចរចាភាពជាដៃគូ នៅប៉ុន្មានខែខាងមុខ និងយល់ព្រមលើផ្នែកជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ»

គួរបញ្ជាក់ថា នូវែលសេឡង់ បាននិងកំពុងចរចាលើភាពជាដៃគូប្រភេទថ្មី ជាមួយអង្គការណាតូ ខណៈដែលសម្ព័ន្ធភាពនេះ ត្រូវផ្លាស់ប្តូរភាពជាដៃគូទាំងអស់របស់ខ្លួនទៅជាកម្មវិធីភាពជាដៃគូលក្ខណៈបុគ្គល៕